គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អំពាវនាវឲ្យប្រជាពលរដ្ឋប្រើប្រាស់ផ្លូវទាំងអស់បង្កើនការប្រុងប្រយ័ត្នខ្ពស់ក្នុងការបើកបរ

វិទ្យុជាតិកម្ពុជា ៖ស្រីផល 11,08,2020


MC៖គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អំពាវនាវឲ្យប្រជាពលរដ្ឋប្រើប្រាស់ផ្លូវទាំងអស់បង្កើនការប្រុងប្រយ័ត្នខ្ពស់ក្នុងការបើកបរ ដើម្បីរួមចំណែក កាត់បន្ថយ ការបាត់បង់ជីវិត ការរងរបួស និងការខូចខាតទ្រព្យសម្បត្តិដោយយថាហេតុ។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅតែជាបញ្ហាប្រឈមចំពោះមុខ និងយូរអង្វែង ដែលអាចកើតឡើងភ្លាមៗ ក្នុងករណីអ្នកប្រើប្រាស់ផ្លូវមានការធ្វេសប្រហែស ឬខ្ចីខ្ជារមិនគោរពច្បាប់។
ក្នុងឱកាសដែលប្រទេសកម្ពុជាកំពុងតែរួមគ្នាប្រយុទ្ធប្រឆាំង នឹងការឆ្លងជម្ងឺកូវីដ១៩ ហើយក៏ស្របពេល ដែលរាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យឈប់សម្រាកនៅថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ សងថ្ងៃប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ កាលពីខែមេសា ឆ្នាំ២០២០ កន្លងមកនេះ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សូមអំពាវនាវដល់សាធារណជនជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ បន្ថែមពីលើការអនុវត្តគ្រប់វិធានការការពារ ការឆ្លងជម្ងឺកូវីដ១៩ សូមមេត្តាបន្តការយកចិត្តទុកដាក់ ការប្រុងប្រយ័ត្ន និងការចូលរួមគោពច្បាប់ចរាចរណ៍ផ្លូវគោករាល់ពេលធ្វើដំណើរនៅលើដងផ្លូវជានិច្ច។ ដើម្បីបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ត្រូវអនុវត្តតាមវិធានការដូចជា៖ត្រូវពាក់មួកសុវត្ថិភាពជានិច្ច ក្នុងពេលធ្វើដំណើរតាមទោចក្រយានយន្តទោះជិត ឬឆ្ងាយ គ្រប់ពេលវេលា, មិនត្រូវបើកបរលើសល្បឿនកំណត់ជាដាច់ខាត, មិនត្រូវបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងជាដាច់ខាត,ត្រូវគោរពសិទ្ធិអាទិភាព គោរពសញ្ញាចរាចរណ៍ និងប្រកាន់ស្តាំជានិច្ច ,ត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាពជានិច្ច ក្នុងពេលធ្វើដំណើរតាមរថយន្ត, មិនត្រូវបត់ ឬវ៉ាជែង ក្នុងភាពប្រថុយប្រថាន ឬប្រើទូរស័ព្ទដោយគ្មានឧបករណ៍សំឡេងភ្ជាប់ទំនាក់ទំនង, ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តជាប្រចាំ ពិសេសត្រួតពិនិត្យកង់ ចង្កូត និងភ្លើងបំភ្លឺ , កុំផ្ទុកអ្នកដំណើរ ឬទំនិញលើសច្បាប់កំណត់។
ចំពោះរថយន្តដឹកអ្នកដំណើរ ឬដឹកកម្មករ មិនត្រូវផ្ទុកអ្នកដំណើរ ឬកម្មករលើដំបូល និងសូមមេត្តាកុំដំឡើងថ្លៃធ្វើដំណើរក្នុងឱកាសនេះ, មិនត្រូវបើកបរក្នុងស្ថានភាពងងុយដេកជាដាច់ខាត,ត្រូវបើកបរក្នុងស្មារតីប្រុងប្រយ័ត្នជានិច្ច ប្រកបដោយសីលធម៌យោគយល់អាធ្យាស្រ័យ។ សូមបងប្អូនប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវទាំងអស់មេត្តាយោគយល់ចំពោះការប្រកាន់យកវិធានការច្បាប់ដ៏តឹងរឹងចំពោះបទល្មើសចរាចរណ៍ផ្លូវគោក៕