លោក Lukashenko នាំមុខក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីបេឡារុស្ស

AKP ភ្នំពេញ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០​ — ប្រធានគណៈកម្មាធិការកណ្តាលរៀបចំការបោះឆ្នោត លោកស្រី Lidiya Yermoshina បាននិយាយថា ដោយយោងតាមទិន្នន័យដែលបានមកពីតំបន់នានា លទ្ធផលបឋមត្រូវបានគេរំពឹងទុកនៅម៉ោង ២:០០ព្រឹកថ្ងៃចន្ទបានបង្ហាញថា ប្រធានាធិបតីបច្ចុប្បន្ន គឺលោក Alexander Lukashenko កំពុងនាំមុខនៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីបេឡារុស្ស ។

យោងតាមលោកស្រីបានឱ្យដឹងថា ស្រុកចំនួនបួននៃទីក្រុង Brest បានរាយការណ៍ថា លោក Lukashenko ទទួលបានសំឡេងគាំទ្រ ៧៩,៦៩ភាគរយនៃសន្លឹកឆ្នោត (គូប្រជែងដ៏សំខាន់របស់លោក គឺ លោក Svetlana Tikhanovskaya ទទួលបាន ៣,៨ភាគរយ) នៅស្រុកចំនួន ៤ នៃទីក្រុង Gomel លោក Likashenko ទទួលបានសន្លឹកឆ្នោតឈ្នះ ៩០ភាគរយ (ដោយលោក Tikhanovskaya ទទួលបាន ៣,២ភាគរយ)។ នៅស្រុកចំនួន ៨ នៃទីក្រុង Grodno លោក Lukashenko ទទួលបានសន្លឹកឆ្នោត ៩២,៧ភាគរយ (លោក Tikhanovskaya ទទួលបាន ៣,៨៩ភាគរយ)។ ស្រុកចំនួន ៤ នៅទីក្រុង Mogilev លោក Lukashenko ទទួលការគាំទ្រសន្លឹកឆ្នោតចំនួន ៩៣,៨ភាគរយ។

លោកស្រី Yermoshina បាននិយាយថា «ខ្ញុំរំពឹងថា នៅត្រឹមម៉ោង ០២:០០ យើងនឹងមានលទ្ធផលបឋមពីទូទាំងប្រទេស»។

ការបោះឆ្នោតជ្រើសរើសប្រធានាធិបតី ត្រូវបានធ្វើឡើងនៅប្រទេសបេឡារុស្សនៅថ្ងៃទី៩ ខែសីហា។ ការស្ទង់មតិបាននិយាយថា ប្រធានាធិបតីបច្ចុប្បន្ន លោក Alexander Lukashenko នឹងទទួលបានសន្លឹកឆ្នោតច្រើនជាង ៧០ភាគរយ។ គូប្រជែងដ៏សំខាន់របស់លោក គឺលោក Svetlana Tikhanovskaya ដែលនឹងទទួលបានការគាំទ្រសន្លឹកឆ្នោតក្នុងចន្លោះពី ៦,៨ភាគរយ ទៅ ១០,១ភាគរយ។ ចំនួនអ្នកទៅបោះឆ្នោតមានចំនួន ៨៤,០៥ភាគរយ គិតត្រឹមម៉ោង ២០:០០ កាលពីថ្ងៃអាទិត្យ។

ការតវ៉ាបានផ្ទុះឡើងបន្ទាប់ពីស្ថានីយបោះឆ្នោតបានបិទនៅតាមទីក្រុងភាគច្រើន ដែលរាប់បញ្ចូលទាំងនៅទីក្រុង Minsk ផងដែរ ដែលបានបង្កឱ្យមានការប៉ះទង្គិចជាមួយមន្រ្តីប៉ូលិស នឹងបានបង្កឱ្យមនុស្សខ្លះបានរងរបួស។ យោងតាមប្រព័ន្ធផ្សព្វផ្សាយបេឡារុស្សបានឱ្យដឹងថា ការតវ៉ាក៏កំពុងកើតមានផងដែរនៅទីក្រុង Mogilev ទីក្រុង Vitebsk ទីក្រុង Brest និងទីក្រុង Grodno ៕

(ប្រភព TASS បកប្រែដោយលោក យា ចិន្តាខន្តី)