លោក ត្រាំ និយាយថា សហរដ្ឋអាមេរិកនឹងបញ្ជូនជំនួយបន្ថែមទៅប្រទេសលីបង់

AKP ភ្នំពេញ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០​ — នៅពេលមុននេះ ទីក្រុងវ៉ាស៊ីនតោនបានបញ្ជូនយន្តហោះធុនធំចំនួន ៣គ្រឿងទៅទីក្រុងបេរូតនៃប្រទេសលីបង់ដែលរងការផ្ទុះដ៏ខ្លាំងមួយជាមួយនឹងការផ្គត់ផ្គង់វេជ្ជសាស្ត្រ ស្បៀងអាហារ ទឹក និងឧបករណ៍សង្គ្រោះបន្ទាន់ដើម្បីជួយដល់ទីក្រុងនេះ។

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា សហរដ្ឋអាមេរិកនឹងបញ្ជូនយន្តហោះផ្តល់ជំនួយបន្ថែមទៀតដល់ប្រទេសលីបង់ បន្ទាប់ពីមានការផ្ទុះដ៏ខ្លាំងក្លាមួយ និងបណ្តាលឱ្យមានមនុស្សស្លាប់ជាច្រើននៅទីក្រុងបេរូត ប្រទេសលីបង់។

លោកប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះបាននិយាយថា លោកបានជូនដំណឹងដល់រដ្ឋាភិបាល លីបង់ថា យន្តហោះអាម៉េរិកចំនួន ៣គ្រឿងកំពុងធ្វើដំណើរដោយមានការផ្គត់ផ្គង់វេជ្ជសាស្រ្ត។ លោកក៏បាននិយាយផងដែរថា សហរដ្ឋអាមេរិកបានត្រៀមខ្លួនរួចជាស្រេចដើម្បីជួយលីបង់ក្នុងការស៊ើបអង្កេតអំពីឧប្បត្តិហេតុនេះ។

ទីក្រុងបេរូតត្រូវបានវាយប្រហារដោយការផ្ទុះដ៏ធំមួយកាលពីថ្ងៃអង្គារ ដោយបានសម្លាប់មនុស្សយ៉ាងតិច ១៥៨នាក់ និងរងរបួសជាង ៦.០០០នាក់ផ្សេងទៀត ខណៈដែលសាកសពជាច្រើនមិនទាន់ត្រូវបានគេស្គាល់អត្តសញ្ញាណនៅឡើយ។ ការខូចខាតគួរឱ្យកត់សម្គាល់ត្រូវបានធ្វើឡើងចំពោះទីក្រុងនេះ ដោយអគាររាប់សិបត្រូវបានខូចខាត ឬត្រូវបានបំផ្លាញទាំងស្រុងដោយសារគ្រោះថ្នាក់នេះ។

យោងតាមអាជ្ញាធររបស់ទីក្រុងនេះបានឱ្យដឹងថា ការផ្ទុះនេះបណ្តាលមកពីសារធាតុអាម៉ូញ៉ូមនីត្រាចំនួន ២.៧៥០តោនដែលត្រូវរឹបអូសដោយសេវាកម្មគយក្នុងឆ្នាំ ២០១៤ ហើយបានរក្សាទុកនៅក្នុងកំពង់ផែនេះចាប់តាំងពីពេលនោះមក។

ប្រទេសជាច្រើនបានផ្តល់ជំនួយដល់ប្រទេសលីបង់ដើម្បីដោះស្រាយផលវិបាកនៃការផ្ទុះនេះ៕

(ប្រភព Sputnik បកប្រែដោយលោក យា ចិន្តាខន្តី)