ប្រធានាធិបតីហ្វីលីពីនជឿជាក់ថា អាស៊ាននឹងយកឈ្នះលើជំងឺកូវីដ-១៩

AKP ភ្នំពេញ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០​ — ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូដឺតេ បានសម្តែងនូវជំនឿចិត្តរបស់ខ្លួនថា សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នឹងយកឈ្នះលើការរីករាលដាលនៃជំងឺកូវីដ-១៩ ។

លោក ឌូដឺតេ បាននិយាយនៅក្នុងសារមួយដើម្បីរំលឹកខួបគម្រប់ខួបលើកទី ៥៣ របស់ប្លុកនេះកាលពីថ្ងៃទី ៨ ខែសីហា ថា «ការស្តារឡើងវិញពីវិបត្ដិនៃមេរោគនេះហាក់ដូចជាកិច្ចការដ៏គួរឱ្យខ្លាចមួយ»។ លោកបាននិយាយបន្ថែមថា «ប៉ុន្តែ ប្រសិនបើធ្វើកិច្ចការនេះជាមួយបណ្តាមិត្តភក្តិ បន្ទុកត្រូវបានចែករំលែក និងផ្លាស់ប្តូរទៅជាឱកាសមួយដើម្បីបង្កើតតំបន់អាស៊ីអាគ្នេយ៍ដែលមានការអត់ធន់»។

លោកប្រធានាធិបតីបាននិយាយបន្ថែមថា «យើងមានទំនុកចិត្តថា វិធីរបស់អាស៊ាននៃភាពជាដៃគូ និងជំនួយទៅវិញទៅមកនឹងជួយយើងឱ្យយកឈ្នះលើការរីករាលដាលនៃជំងឺកូវីដ-១៩ និងឆ្ពោះទៅមុខជាមួយនឹងកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍របស់យើង»។

លោកបាននិយាយថា ដោយមានគោលបំណងស៊ីជម្រៅនៃគោលបំណងរួមរបស់ប្លុក តំបន់នេះនឹងបន្តធ្វើការរួមគ្នាតែមួយ និងពង្រឹងភាពជាដៃគូជាមួយមិត្តភក្តិនៅក្នុង និងក្រៅតំបន់៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)