រដ្ឋមន្ត្រីសុខាភិបាលក្រើនរំឭកដល់មន្ត្រីបង្កើនត្រួតពិនិត្យអ្នកសង្ស័យឆ្លងជំងឺកូវីដ-១៩

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ១១ ០៨ ២០២០


MC: រដ្ឋមន្ត្រីសុខាភិបាលក្រើនរំឭកដល់មន្ត្រីបង្កើនត្រួតពិនិត្យ និងស្វែងរកអ្នកសង្ស័យឆ្លងជំងឺកូវីដ-១៩ សំដៅទប់ស្កាត់កុំឱ្យរីករាលដាលចូលសហគមន៍។
អ្នកយកព័ត៌មានយើងរាយការណ៍បន្ថែម
ឯកឧត្តម សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល មានប្រសាសន៍ថា ការទប់ស្កាត់កុំឱ្យជំងឺកូវីដ-១៩ ឆ្លងចូលទៅសហគមន៍ ទាមទារនូវការបង្កើនសមត្ថភាពត្រួតពិនិត្យ និងស្វែងរកអ្នកសង្ស័យឆ្លងជំងឺដ៏កាចសាហាវនេះពីក្រុមគ្រូពេទ្យជំនាញ និងកិច្ចសហការពីអាជ្ញាធរពាក់ព័ន្ធ។
ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយពិធីដាំកូនឈើនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ព្រឹកថ្ងៃទី១១ ខែសីហានេះ ឯកឧត្តម រដ្ឋមន្ត្រី បានបញ្ជាក់ថា នៅពេលរកឃើញករណីសង្ស័យបានលឿន និងទាន់ពេលវេលា គឺអាចកាត់បន្ថយការចម្លងជំងឺនេះពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ប្រកបដោយប្រសិទ្ធភាព។ ឯកឧត្តមនៅតែបន្តណែនាំដល់ប្រជាពលរដ្ឋ ត្រូវរក្សានូវភាពអនាម័យជាប្រចាំ និងឱ្យបានញឹកញាប់ តាមរយៈលាងដៃជាមួយទឹកស្អាតនឹងសាប៊ូ ឬទឹកអាល់កុល ឬទឹកជែល និងបរិភោគអាហារដែលឆ្អិនល្អ រក្សាគម្លាតសុវត្ថិភាព ជាដើម។
សំឡេង៖ «ត្រូវការចូលរួមពីប្រជាពលរដ្ឋយើងម្នាក់ដែរ! ឧទាហរណ៍ថា ការធ្វើចត្តាឡីស័កគេដាក់ កន្លែងណា ត្រូវនៅកន្លែងហ្នឹង! គោរពតាមវេជ្ជបញ្ជា គោរពតាមពេទ្យណែនាំ។ ដូច្នេះម្នាក់ៗត្រូវមានស្មារតីទទួលខុសត្រូវ»។
ឯកឧត្តម បានបន្តថា មានតែវិធានការពារ តាមរយៈឱ្យអ្នកសង្ស័យឆ្លងជំងឺនេះធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ដើម្បីតាមដានសុខភាព និងការអនុវត្តអនាម័យរបស់ប្រជាពលរដ្ឋជាប្រចាំប៉ុណ្ណោះ ទើបអាចទប់ស្កាត់កុំឱ្យរីករាលដាលចូលសហគមន៍បាន។
គិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន២៦៦នាក់ ក្នុងនោះចំនួនអ្នកជាសះស្បើយ២២០នាក់ ខណៈចំនួន៤៦នាក់ កំពុងសម្រាកព្យាបាល នៅតាមមន្ទីរពេទ្យរដ្ឋ៕