ប្រទេសថៃបង្កើតសេណារីយ៉ូចំនួន ៣ សម្រាប់ការស្តារឡើងវិញនៃវិស័យទេសចរណ៍

AKP ភ្នំពេញ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០​ — អាជ្ញាធរទេសចរណ៍ថៃ (TAT) បានប្រមើលមើលនូវសេណារីយ៉ូចំនួន ៣ សម្រាប់បង្កើនល្បឿននៃការស្តារឡើងវិញនៃវិស័យទេសចរណ៍របស់ប្រទេសនេះនៅក្នុងឆ្នាំក្រោយ ដោយសារករណីដ៏អាក្រក់បំផុត គឺជាការធ្លាក់ចុះនៃប្រាក់ចំណូលពីភ្ញៀវទេសចរអន្តរជាតិចំនួន២៩៦ប៊ីលានបាត (ប្រមាណ ៩,៥ប៊ីលានដុល្លារអាមេរិក ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានដកស្រង់សម្តីអភិបាល TAT លោក Yuthasak Supasorn ដែលបាននិយាយថា ស្ថានភាពអាក្រក់បំផុតរបស់វិស័យទេសចរណ៍ គឺប្រទេសថៃអនុញ្ញាតឱ្យតែជើងហោះហើរពាណិជ្ជកម្មអន្តរជាតិប៉ុណ្ណោះដែលត្រូវបន្តនៅក្នុងត្រីមាសចុងក្រោយនៃឆ្នាំ ២០២១ ចំពេលដែលការរីករាលដាលនៃជំងឺរាតត្បាត និងការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក ដែលនឹងមើលឃើញថា ប្រទេសថៃទទួលបានការស្វាគមន៍ភ្ញៀវទេសចរបរទេសត្រឹមតែចំនួន ៦,១៤លាននាក់ប៉ុណ្ណោះ ដែលអ្នកទេសចរទាំងនោះភាគច្រើនមកពីអាស៊ី។

សេណារីយ៉ូដ៏អាក្រក់បំផុតសម្រាប់ទីផ្សារក្នុងស្រុក គឺការបិទប្រទេសដែលបង្ខំឱ្យកំណើនសេដ្ឋកិច្ចធ្លាក់ចុះ ៨ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ដែលនាំឱ្យមានការធ្វើដំណើរត្រឹមតែ ៦៨,៤លានដងសម្រាប់ពេញមួយឆ្នាំ ដែលបង្កើតចំណូលបានត្រឹម ៣៨០ប៊ីលានបាត។

ប្រសិនបើមានការបិទតែផ្នែកខ្លះ ហើយការធ្លាក់ចុះសេដ្ឋកិច្ចមានចំនួន ៣ភាគរយ នោះចំនួននៃការធ្វើដំណើរក្នុងស្រុកត្រូវបានប៉ាន់ប្រមាណថា នឹងមានចំនួន ៧៦,២លានដង ដែលជាការចូលរួមវិភាគទានដល់ប្រទេសនូវចំណូលចំនួន ៤៥៨ប៊ីលានបាត។

ករណីមូលដ្ឋាន គឺសម្រាប់វិស័យទេសចរណ៍ចាប់ផ្តើមផ្លូវស្តារឡើងវិញនៅត្រីមាសទី ៣ នេះ ដោយដំបូងឡើយប្រទេសថៃនឹងស្វាគមន៍ភ្ញៀវទេសចរពីទីផ្សាររយៈពេលខ្លី។ នៅពេលនោះ អ្នកទេសចរមកពីអឺរ៉ុបគួរតែវិលត្រឡប់មកវិញជាបណ្តើរៗក្នុងអំឡុងពេលវិស្សមកាលរដូវក្តៅក្នុងខែកក្កដា និងសីហា ឆ្នាំ ២០២១ មុនពេលស្ទុះងើបឡើងវិញយ៉ាងពេញលេញនៅចុងឆ្នាំ។

ប្រទេសថៃនឹងទទួលបានអ្នកដំណើរអន្តរជាតិចំនួន ១២,៥លាននាក់ និងទទួលប្រាក់ចំណូលចំនួន ៦១៨ប៊ីលានបាតនៅក្នុងសេណារីយ៉ូករណីនេះ។

ប្រសិនបើប្រទេសនេះរាយការណ៍អំពីការឆ្លងមេរោគក្នុងស្រុកក្នុងអត្រាសូន្យ ខណៈដែលកំណើន GDPមានចំនួន ៥ភាគរយ ហើយសន្ទស្សន៍ទំនុកចិត្តអ្នកប្រើប្រាស់ធ្លាក់ចុះ ៣ភាគរយ នោះនឹងមានការធ្វើដំណើរក្នុងស្រុកចំនួន ៨៤,៩២លានដង ជាមួយនឹងការចំណាយ ៤៩១ប៊ីលានបាត៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)