គ្រោះថ្នាក់ចរាចរណ៍បានសម្លាប់មនុស្ស ៥នាក់ និងរបួស ២៤នាក់ កាលពីថ្ងៃទី១០ ខែសីហា

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី ១១ សីហា ២០២០


MC៖ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នង ការដ្ឋាន នគរបាលជាតិ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី១០ ខែសីហា បានសម្លាប់មនុស្ស ៥នាក់ និងរបួស ២៤នាក់។
នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ កើតឡើងចំនួន ១២លើក ក្នុងនោះបណ្តាលឲ្យមានអ្នកស្លាប់ ៥នាក់ របួសធ្ងន់ ១២នាក់ និងរបួសស្រាល ១២នាក់។ មូលហេតុនៃការកើតឡើងគ្រោះថ្នាក់ចរាចរណ៍ទំាងនេះគឺបណ្តាលមកពី បើកបរលើសល្បឿនកំណត់ មិនគោរពសិទ្ធិអាទិភាព មិនប្រកាន់ស្តាំ ប្រជែងគ្រោះថ្នាក់ និងកត្តាយាន ។
របាយការណ៍បានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ទំាង១២លើកនេះ គឺបានបណ្តាលឲ្យខូចខាត ម៉ូតូ ១៣គ្រឿង រថយន្តធុនតូច ៧គ្រឿង រថយន្តធុនធំ ២គ្រឿង។
នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានបន្តក្រើនរំលឹកដល់ប្រជាពលរដ្ឋ ត្រូវចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកទាំងអស់គ្នា តាមរយៈការប្រកាន់ស្តាំ កុំបើកបរលើសល្បឿនកំណត់ កុំបើកបរល្មើសនឹងភ្លើងសញ្ញា ត្រូវពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពពេលបើកបររថយន្ត ត្រូវពាក់មួកសុវត្ថិភាពពេលធ្វើដំណើរម៉ូតូ កុំបើកបរបញ្ជ្រាសទិសចរាចរណ៍ កុំបើកបរក្នុងស្ថានភាពស្រវឹង ដើម្បីសុវត្ថិភាពខ្លួនឯង និងអ្នកដទៃ ៕