SEA GAMES 2021 នៅវៀតណាមជាចំណុចសំខាន់របស់អត្តពលិកកីឡាវាយកូនឃ្លីលើតុ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ជៀង​ យ៉ា​រ៉េត​

សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជាបានបើកកិច្ចប្រជុំការងារប្រចាំខែនិងទិសដៅយុទ្ធសាស្រ្តត្រៀមការប្រកួតSEA GAMES 2023 ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ និងជាប្រធានសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជាជាមួយសមាជិកប្រតិបត្តិនៅទីស្នាក់ការដំបូលទូកក្នុងពហុកីឡាដ្ឋានជាតិកាលពីថ្ងៃច័ន្ទម្សិលមិញនេះ។
លោក ស៊ុន សុទ្ធារិទ្ធ អគ្គលេខាធិការនៃសហព័ន្ធកីឡាវាយកូនឃ្លីលើតុបានប្រាប់ ឲ្យដឹងថា សហព័ន្ធបានរៀបចំទិសដៅយុទ្ធសាស្រ្តត្រៀមការប្រកួត SEA GAMES 2023 ដោយក្នុងនោះផ្តោតលើការហ្វឹកហាត់របស់កីឡាករ-កីឡាការិនីដើម្បីចម្រាញ់ជ្រើសរើសអត្តពលិកឆ្នើមចូលរួមព្រឹត្តិកាណ៍ការប្រកួត SEA GAMES លើកទី៣១ ឆ្នាំ២០២១ នៅប្រទេសវៀតណាម ដោយយើងធ្វើការប្រកួតតាមដំណាក់កាលនីមួយៗក្នុងការស្ទាប់ស្ទង់សមត្ថភាពនិងបច្ចេកទេសរបស់ពួកគេយើងតាមផែនការមេរបស់ប្រធានសហព័ន្ធ។
ឯកឧត្តមនាយឧត្តមសេនីយ៍គៀត ច័ន្ទថារិទ្ធ បានមានប្រសាសន៍ថា ការប្រកួត SEA GAMES 2021 នៅប្រទេសវៀតណាមជាចំណុចសំខាន់សម្រាប់សំឡឹងមើលសមត្ថភាព និងបច្ចេកទេសរបស់កីឡា ករ-កីឡាការិនីវាយកូនឃ្លីលើតុ ក្នុងការត្រៀមខ្លួនព្រឹត្តិកាណ៍ការប្រកួត SEA GAMES 2023 លើកទី៣២ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ។ ដូច្នេះការជ្រើសរើសកីឡាករ -កីឡាការិនីត្រូវមើលឲ្យបានឆ្ងាយ ជាពិសេសយើងត្រូវស្វែងរកកីឡាករ-កីឡាកា រិនីកូនខ្មែររស់នៅក្រៅប្រទេសដោយអញ្ជើញឲ្យពួកគេចូលរួមប្រកួតមិត្តភាពជាមួយក្រុមកីឡាករ-កីឡាការិនីជម្រើសជាតិ។
ឯកឧត្តមបានបន្តថា ការប្រកួតមិត្តភាពនេះមានសារសំខាន់ណាស់ ប្រសិនបើកីឡាករ-កីឡាការិនីកូនខ្មែររស់នៅក្រៅប្រទេសឈ្នះជម្រើសជាតិ ព្រមទំាងមានសមត្ថភាពខ្ពស់នោះ យើងត្រូវយកមកលេងតំណាងឲ្យប្រទេសកម្ពុជា៕