៣ក្រុម ប្រជែងយកឈ្នះគូប្រកួត លីគបាល់បោះកម្ពុជាសប្តាហ៍ទី២

AKP ភ្នំពេញ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០–

ការប្រកួតកីឡាបាល់បោះលីគកម្ពុជា រដូវកាល ២០២០ បានចាប់ផ្តើមវគ្គសន្សំពិន្ទុ សប្តាហ៍ ទី២ កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០ នៅសាលមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា នៃ ពហុកីឡដ្ឋានជាតិអូឡាំពិក ដោយមាន៣ប្រកួត។

យោងតាមលទ្ធផលបច្ចេកទេសរបស់សហព័ន្ធកីឡាបាល់បោះកម្ពុជាបានឱ្យដឹងថា ក្រុម បាល់បោះ Master Tapsiបានប្រកួតចាញ់ក្រុម MOEF ដោយលទ្ធផល ៥៤ទល់៥៥ ខណៈExtra Joss Fighters បានប្រកួតឈ្នះក្រុម Asia Ballers ដោយទ្ធផល ៧៤ទល់៥២ រីឯ ក្រុម Dragons ប្រកួតឈ្នះ ក្រុម YuetaiMekongersដោយលទ្ធផល ៧៧ទល់ ៦៩។ ក្រុមដែលឈ្នះៗទទួលបាន២ពិន្ទុ រីឯក្រុមចាញ់ៗទទួលបាន១ពិន្ទុ រីឯក្រុមបោះបង់ការ ប្រកួត ០ពិន្ទុ។

យោងតាមកម្មវិធីប្រកួតរបស់សហព័ន្ធកីឡាបាល់បោះកម្ពុជាបានឱ្យដឹងថាក្រុមទាំង៧នឹងត្រូវចូលរួមប្រកួតសន្សំពិន្ទុវិលជុំដោយត្រូវជួបគ្នាគ្រប់ក្រុមទាំងអស់រហូតដល់វគ្គផ្តាច់ ព្រ័ត្រប្រើប្រាស់រយៈពេល២០សប្តាហ៍។

ក្នុងនោះ១៤សប្តាហ៍ជាវគ្គសន្សំពិន្ទុចំនួន២ជើង ហើយក្រុមចំណាត់ថ្នាក់លេខ៣ដល់លេខ៦ប្រកួតជម្រុះដើម្បីចម្រាញ់រក២ក្រុមខ្លាំងៗ ឡើងទៅប្រកួតបន្តជាមួយក្រុមលេខ១ និងលេខ២ដែលរង់ចាំ សម្រាប់វគ្គពាក់កណ្តាល ផ្តាច់ព្រ័ត្រដែលក្នុង១ក្រុមប៉ះគ្នា៣ប្រកួត ដើម្បីឡើងទៅវគ្គផ្តាច់ព្រ័ត្រដណ្តើមម្ចាស់ដំណែង ជើងឯក និងរងជើងឯក ដែលគ្រោងធ្វើឡើង នាថ្ងៃអាទិត្យ ទី២០ខែធ្នូ ឆ្នាំ២០២០៕ ដោយ៖ហេង ណាលីន