បឹងកេត ប្រជែងបាន៣ពិន្ទុ ពីយុវជនបាទី ៦-១ សប្តាហ៍ទី១១ លីគកំពូលកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០–

ក្រុមបឹងកេតប្រជែងបាន៣ពិន្ទុបន្ថែមពីក្រុមមយុវជនបាទី ក្រោយយកឈ្នះដោយលទ្ធផល ៦ទល់១ ក្នុង ជំនួប សប្តាហ៍ទី១១ នៃក្របខ័ណ្ឌលីគកំពូលកម្ពុជា រដូវកាល ២០២០។
នៅក្នុងការប្រកួតវគ្គទី១ កីឡាករ សេង សម្បត្តិ របស់យុវជនបាទីធ្វើសម្រេច១គ្រាប់បើកការ នាំមុខលើក្រុមម្ចាស់ផ្ទះ បឹងកេត នៅនាទី១៧ ប៉ុន្តែបាន២នាទី ពោលនាទី១៩ កីឡាករ ម៉ាត់ នូរុណ តាមបាន១គ្រាប់ស្មើវិញ ហើយ នៅនាទី៤០ កីឡាករ សៀង ចន្ធា ធ្វើសម្រេចនាំមុខ ២ទល់១។ ចូលដល់ វគ្គទី២ បឹងកេតធ្វើសម្រេចបាន៤គ្រាប់បន្ថែម ដែលធ្វើសម្រេចដោយកីឡាករ សឿត ណារ៉ា នៅនាទី ៥៤, កីឡាករម៉ាត់ នូរុណ នៅនាទី ៦៥ និងនាទី៧៣ និងដោយ កីឡាករ លី មីហ្សាន នៅនាទី៨៣។ ជាមួយ នឹងជ័យជម្នះនេះបានធ្វើឱ្យ១០ប្រកួតរបស់បឹងកេត ឈ្នះ៨ប្រកួត និងស្មើ២ប្រកួត មាន២៦ពិន្ទុ ឈរនៅ ចំណាត់ថ្នាក់លេខ២ បណ្តោះអាសន្ន ខណៈ១០ប្រកួតរបស់យុវជនបាទីមិនដែលឈ្នះ ស្មើ២ប្រកួត និង ចាញ់៨ប្រកួត មាន៤ពិន្ទុ ឈរនៅលំដាប់បាតតារាង ក្នុងចំណោម១៣ក្រុម។
ចំពោះ៥ប្រកួតផ្សេងទៀត នាជំនួបសន្សំពិន្ទុជើងទី១ សប្តាហ៍ទី១១ នេះដែរ រួមមាន៖ ក្រុម នគរបាលជាតិ ឈ្នះអាស៊ីអឺរ៉ុបយូណាយធីត ៣ទល់២, សូលទីឡូអង្គរ ចាញ់អគ្គិសនីកម្ពុជា ២ទល់៣, ណាហ្គាវើល ចាញ់ក្រុមការពារដំណែងជើងឯក រដូវកាល ២០១៩ ដោយលទ្ធផល ០ទល់២, វិសាខា យក ឈ្នះអង្គរថាយហ្គឺរ ៣ទល់១ និងគិរីវង់សុខ សែនជ័យប្រកួតចាញ់ក្រុមភ្នំពេញក្រោន ដោយលទ្ធផល ០ទល់៦។

សូមបញ្ជាក់ថា គ្រប់ក្រុមទាំង១៣នៃក្របខ័ណ្ឌលីគកំពូលកម្ពុជា រដូវកាល ២០២០នេះ ក្នុង១ក្រុមៗ នៅសល់តែ២ប្រកួតទៀតប៉ុណ្ណោះនឹងត្រូវបញ្ចប់ជើងទី១ លើកលែង២ក្រុមគឺវិសាខា និងភ្នំពេញក្រោន មាន១១ប្រកួត ហើយក្រុមខ្លាំងៗចំនួន៦ ពីលេខ១ដល់លេខ៦នឹងត្រូវប្រកួតដណ្តើមជើងឯក ខណៈ៧ ក្រុមពីលេខ៧ដល់លេខ១៣នឹងត្រូវប្រកួតធម្មតា។ ជាបណ្តោះអាសន្ន ក្រុមខ្លាំងៗទាំង៦ ដែលកំពុងឈាន ទៅប្រជែងជើងឯក រួមមាន៖ ព្រះខ័នរាជស្វាយរៀង បឹងកេត វិសាខា ភ្នំពេញក្រោន ណាហ្គាវើល និង ក្រុមកងយោធពលខេមរភូមិន្ទ៕ ដោយ៖ហេង ណាលីន