លោកជំទាវ ច័ន្ទ សូរីយ៍ អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីចំណេះដឹងផ្នែកហិរញ្ញវត្ថុ សម្រាប់អភិវឌ្ឍន៍សហគ្រិនភាពស្រ្តីនៅខេត្តក្រចេះ

AKP ក្រចេះ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០–

លោកជំទាវ ច័ន្ទ សូរីយ៍ រដ្ឋលេខាធិការក្រសួងកិច្ចការនារី បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីចំណេះដឹងផ្នែកហិរញ្ញវត្ថុ សម្រាប់អភិវឌ្ឍន៍សហគ្រិនភាព ស្រ្តីនៅខេត្តក្រចេះ កាលពីព្រឹកថ្ងៃចន្ទ ៦រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០។

វគ្គបណ្តុះបណ្តាលពីចំណេះដឹងផ្នែកហិរញ្ញវត្ថុ សម្រាប់អភិវឌ្ឍន៍សហគ្រិនភាព ស្រ្តីនៅខេត្ត ក្រចេះនេះរៀបចំដោយក្រសួងកិច្ចការនារីសហ ការជាមួយធនាគារជាតិ នៃកម្ពុជា និងក្រុមហ៊ុនវីសា ដែលជាក្រុមហ៊ុនឈានមុខគេលើពិភពលោក ក្នុងការទូទាត់តាមប្រព័ន្ធឌី ជីថល ដោយមានការអញ្ជើញចូលរួមពីលោកស្រី ខាំ សុភាព អភិបាលរង នៃគណៈអភិបាល ខេត្ត និងមន្ត្រីរាជការជាស្រី្តនៅតាមមន្ទីរអង្គភាពក្នុងខេត្តក្នុងគោលបំណង បង្កើនចំណេះដឹង ដល់មន្ត្រី បុគ្គលិកជាស្រ្តី អំពីការគ្រប់គ្រងហិរញ្ញវត្ថុ ការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ និងការប្រើប្រាស់ប្រព័ន្ធឌីជីថលសម្រាប់សេវាកម្មហិរញ្ញវត្ថុ ដើម្បីយកទៅផ្សព្វផ្សាយបន្ត សម្រាប់ជួយគាំទ្រដល់ការអភិវឌ្ឍអាជីវកម្ម និងភារកិច្ចរបស់ស្ត្រីនៅតាមមូលដ្ឋាន។

លោកជំទាវ ច័ន្ទ សូរីយ៍ រដ្ឋលេខាធិការក្រសួងកិច្ចការនារី បានបញ្ជាក់ថា វគ្គបណ្ដុះ បណ្ដាលនេះក៏បានរួមបញ្ចូលនូវប្រធានបទសំខាន់ៗមួយចំនួន ដែលទាក់ទងទៅនឹងបញ្ហា ជុំវិញចំណេះដឹងផ្នែកហិរញ្ញវត្ថុរបស់ស្ត្រី មានជាអាទិភាព បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា និងបញ្ហាប្រឈមរបស់ស្ត្រីក្នុងការទទួលបានសេវាហិរញ្ញវត្ថុប្រភេទផលិតផល សេវា គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ការគ្រប់គ្រងហិរញ្ញវត្ថុ ការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុ សេវាទូទាត់ សេវាធានារ៉ាប់រងនិងកិច្ចការពារអតិថិជន។

លោកជំទាវរដ្ឋលេខាធិការក្រសួងកិច្ចការនារីបានបញ្ជាក់ទៀតថា យើងត្រូវបង្រៀន ឱ្យស្រ្តីមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ ការរៀបចំផ្នែកហិរញ្ញវត្ថុនៅក្នុងអាជីវកម្មរបស់ខ្លួន ឱ្យស្ត្រីជាអាជីវករ ចេះធ្វើការងារផ្នែកហិរញ្ញវត្ថុ ចេះរៀបចំលុយកាក់ ចេះគ្រប់ គ្រងអាជីវកម្មរបស់ខ្លួន។ លោកជំទាវ ច័ន្ទ សូរីយ៍ បានឱ្យដឹងផងដែរថា កន្លងមកយើងសង្កេត ឃើញថា សហគ្រិនជាស្ត្រី អាជីវករជាស្រី្តនៅក្នុងខេត្តក្រចេះ ក៏ដូចជាទូទាំងប្រទេសកម្ពុជា គឺមិនទាន់មានចំណេះដឹងផ្នែកហិរញ្ញវត្ថុ ធ្វើការងារទៅតាមទម្លាប់របស់ខ្លួនដែលធ្លាប់ធ្វើ ហើយមិន សូវមានការរីកចម្រើន ដូច្នេះក្រោយពេលបញ្ចប់វគ្គបណ្តុះបណ្តាលនេះ ស្ត្រីដែលជា សហគ្រិន ជាម្ចាស់អាជីវកម្ម អាជីវករជាស្រ្តីក៏ដូចជាមន្ត្រី បុគ្គលិកជាស្រ្តី និងមានចំណេះដឹងហើយមានការចែករំលែកដល់អ្នកពាក់ព័ន្ធផ្សេងទៀត ដូចជាអាជីវករផ្សេង ដែលជាស្ត្រីនៅក្នុងខេត្ត ដើម្បីមានចំណេះដឹងក្នុងការគ្រប់គ្រងការងារហិរញ្ញវត្ថុ ក្នុងអាជីវកម្មរបស់ខ្លួនផងដែរ៕ ដោយ៖ជួន សុជាតិ