ការតវ៉ាត្រូវបានគេរំពឹងថា នឹងបន្តកើតមាន បន្ទាប់ពីមានការប៉ះទង្គិចគ្នា ដោយហិង្សារវាងក្រុមបាតុករ និងប៉ូលិស

AKP ភ្នំពេញ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០​ — កាលពីថ្ងៃសៅរ៍ មន្ត្រីសន្តិសុខម្នាក់ត្រូវបានសម្លាប់ និងមនុស្សជាង ៧០០នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការប៉ះទង្គិចគ្នាមួយរវាងក្រុមបាតុករ និងប៉ូលិស នៅកណ្តាលទីក្រុងបេរូត។ ប្រជាជនបានធ្វើដំណើរតាមដងផ្លូវដើម្បីទាមទារឱ្យរដ្ឋាភិបាលចុះចេញពីតំណែង ដោយសារតែស្ថានភាពសេដ្ឋកិច្ចដ៏តានតឹងនៅក្នុងប្រទេសលីបង់ និងអំពើពុករលួយដែលត្រូវបានគេជឿថា បាននាំឱ្យមានការផ្ទុះដ៏សាហាវមួយនៅកំពង់ផែកាលពីថ្ងៃអង្គារ។

បន្ទាប់ពីមន្រ្តីអនុវត្តច្បាប់បានចំណាយពេលកាលពីយប់ម្សិលមិញដើម្បីបណ្តេញក្រុមអ្នកតវ៉ាចេញពីអគាររដ្ឋមន្រ្តីដែលពួកគេបានកាន់កាប់ ក្នុងអំឡុងពេលបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលកាលពីថ្ងៃសៅរ៍នោះ ភាពចលាចលសាធារណៈផ្សេងៗទៀតត្រូវបានគេរំពឹងថា នឹងកើតមានឡើងនៅក្នុងរដ្ឋធានីនៃប្រទេស លីបង់នេះនៅថ្ងៃបន្ទាប់ៗទៀត។

យោងតាមមន្រ្តីរួបនេះបានឱ្យដឹងថា យ៉ាងហោចណាស់មានមន្រ្តីសន្តិសុខម្នាក់ត្រូវបានសម្លាប់ និងជាង ៧០នាក់ផ្សេងទៀតបានរងរបួសបន្ទាប់ពីការតវ៉ានេះបានក្លាយជាការប៉ះទង្គិចគ្នាយ៉ាងហិង្សាជាមួយក្រុមបាតុករ។ ជាសរុប មានមនុស្សជាង ៧០០នាក់បានរងរបួសក្នុងអំឡុងពេលមានចលាចលនេះ។

ទីក្រុងបេរូតមានការធ្វើបាតុកម្មទ្រង់ទ្រាយធំកាលពីថ្ងៃសៅរ៍ ដោយក្រុមបាតុករបានទាមទារឱ្យរដ្ឋាភិបាលចុះចេញពីតំណែង ដោយសារតែវិបត្តិសេដ្ឋកិច្ចដែលកំពុងបន្តកើតមាននៅក្នុងប្រទេស និងបន្ទាប់ពីមានការផ្ទុះសារធាតុអានីញ៉ូមនីត្រានៅកំពង់ផែកាលពីថ្ងៃទី៤ ខែសីហា ដែលបានឆក់យកអាយុជីវិតមនុស្សយ៉ាងតិច ១៥៨នាក់ និងប្រមាណជិត ៥.០០០នាក់ផ្សេងទៀតរងរបួស ព្រមទាំងធ្វើឱ្យមនុស្ស ៣០០.០០០នាក់គ្មានផ្ទះសម្បែង៕

(ប្រភព Sputnik បកប្រែដោយលោក យា ចិន្តាខន្តី)