ប្រទេសថៃកែសម្រួលយុទ្ធសាស្រ្តអង្ករដើម្បីលើកកម្ពស់ការប្រកួតប្រជែង

AKP ភ្នំពេញ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០​ — លោក Jurin Laksanawisit ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មថៃបានសន្យាថា នឹងពន្លឿនការកែសម្រួលយុទ្ធសាស្រ្តអង្កររបស់ប្រទេសនេះ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបានដោយ សារឧស្សាហកម្មនេះកំពុងប្រឈមនឹងបញ្ហាជាច្រើន រួមមានប្រាក់បាតឡើងថ្លៃ និងថ្លៃដើមផលិតកម្មកើនឡើង។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានដកស្រង់សម្តីមន្ត្រីរូប បន្ទាប់ពីធ្វើជាអធិបតីក្នុងពិធីពិព័រណ៍អង្ករក្រអូបរបស់ថៃកាលពីពេលថ្មីៗនេះដែលបាននិយាយថា ការនាំចេញអង្ករបានធ្លាក់ចុះមិនល្អចាប់តាំងពីដើមឆ្នាំមុនដោយសារតែការផ្លាស់ប្តូររូបិយប័ណ្ណបរទេស និងប្រាក់បាតថៃឡើងថ្លៃ ដែលធ្វើឱ្យអង្ករថៃមានតម្លៃថ្លៃនៅក្នុងការប្រកួតប្រជែង។

លោក Jurin បាននិយាយថា ក្រសួងពាណិជ្ជកម្មរបស់ប្រទេសថៃកំពុងស្វែងរកយុទ្ធសាស្ត្រដើម្បីធ្វើឱ្យមានភាពប្រសើរឡើងនូវការប្រកួតប្រជែង ដោយគ្របដណ្តប់ទៅលើគ្រប់ប្រព័ន្ធទាំងអស់ រួមមានទីផ្សារ ការដាំដុះ និងការស្រាវជ្រាវ និងវាយតម្លៃពូជស្រូវថ្មីៗ ដោយលោកបានកត់សម្គាល់ថា ក្រសួងក៏កំពុងធ្វើការដើម្បីរកវិធីកាត់បន្ថយថ្លៃដើមផលិតកម្មសម្រាប់កសិករផងដែរ ដើម្បីធ្វើឱ្យអង្ករថៃមានតម្លៃសមរម្យ។

លោកបាននិយាយបន្ថែមថា វាកំពុងលើកកម្ពស់ផលិតផលស្រូវចំនួន ៧ និងការអភិវឌ្ឍគ្រាប់ពូជដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រផលិតកម្មដឹកនាំទីផ្សារសម្រាប់ឆ្នាំ ២០២០-២០២៤ ដែលបានចេញផ្សាយនៅក្នុងសេចក្តីប្រកាសមួយរបស់ក្រសួងកាលពីពេលថ្មីៗនេះ។

លោក Jurin បាននិយាយថា ក្រសួងនឹងសហការយ៉ាងជិតស្និទ្ធជាមួយសមាគមអ្នកនាំចេញអង្ករថៃក្នុងការស្វែងរកដៃគូពាណិជ្ជកម្មថ្មីៗដើម្បីពង្រីកទីផ្សារនាំចេញ ខណៈដែលអង្ករថៃនៅតែមានតម្រូវការខ្លាំងនៅទូទាំងពិភពលោកដោយសារគុណភាពរបស់ខ្លួន។

ក្រសួងក៏បានបញ្ជាឱ្យឯកអគ្គរដ្ឋទូតពាណិជ្ជកម្មនៅតាមបណ្តាប្រទេសផ្សេងៗ ពន្លឿនស្វែងរកទីផ្សារថ្មីនិងជំរុញអង្ករថៃឱ្យឈានដល់អ្នកប្រើប្រាស់នៅទីផ្សារបរទេសបន្ថែមទៀត។

មន្ត្រីរូបនោះបានបញ្ជាក់ទៀតថា ប្រាក់បាតថៃខ្ពស់ និងជំងឺរាតត្បាតកូវីដ-១៩ គឺជាឧបសគ្គចម្បងសម្រាប់ការនាំចេញអង្ករនៅក្នុងឆ្នាំនេះ។

កាលពីពេលថ្មីៗនេះ សមាគមនាំចេញអង្ករថៃបានទម្លាក់ការព្យាករការនាំចេញរបស់ខ្លួនសម្រាប់ឆ្នាំ ២០២០ មកនៅត្រឹម ៦,៥លានតោន ដែលជាកម្រិតទាបបំផុតក្នុងរយៈពេល ២០ឆ្នាំនេះ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)