អភិបាលខេត្តរតនគិរី ចុះពិនិត្យកងកម្លាំងឈរជើងបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ក្នុងភូមិ សាស្ត្រ ឃុំប៉ក់ធំ និង ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ

AKP រតនគិរី ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០–

នៅថ្ងៃអាទិត្យ ៥រោច ខែស្រាពណ៍ ឆ្នាំជូត ទោ ស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី អមដំណើរដោយមេបញ្ជការ មេបញ្ជាការរងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ បានអញ្ជើញចុះពិនិត្យ និងពង្រឹងកងកម្លាំងជំនាញដែលឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ក្នុងភូមិសាស្ត្រឃុំប៉ក់ធំ និងឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ។

ការចុះត្រួតពិនិត្យនេះក្នុងគោលដៅពង្រឹងស្មារតីក្នុងការបំពេញតួនាទី ភារកិច្ចរបស់កងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធនៅតាមព្រំដែន ដែលកំពុងឈរជើងការពារបូរណភាពទឹកដី អធិប តេយ្យភាពជាតិ ។

ភារកិច្ចចម្បងសំខាន់ទៀតនោះគឺការបង្ការ និងទប់ស្កាត់ការឆ្លងដែនខុសច្បាប់ និងការចម្លងមេរោគកូវីដ-១៩ ស្របតាមការណែនាំរបស់ក្រសួងមហាផ្ទៃ និងក្រសួងសុខាភិបាលកម្ពុជា ក្រោយពីប្រទេសវៀតណាម ក្នុងខេត្តដាណាង បានផ្ទុះករណីកូវីដ-១៩ ។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ថង សាវុន បានណែនាំដល់កងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវអនុវត្តន៍ឱ្យបាននូវតួនាទី ភារកិច្ច និងគោលការណ៍ណែនាំអំពីវិធាន ការនានាពាក់ព័ន្ធនឹងការបង្ការ និងទប់ស្កាត់មេរោគកូវីដ-១៩ និងសហការឱ្យបានជិតស្និទ្ធជាមួយសមត្ថកិច្ចប្រទេសជិត ខាងក្នុងការងារផ្លាស់ប្តូរព័ត៌មានគ្នាទៅវិញទៅមកពីស្ថានភាព នៃការឆ្លងរាលដាលមេរោគកូវីដ-១៩ ៕ដោយ ណយ នឿន (ប្រភពៈរដ្ឋបាលខេត្តរតនគិរី)