ក្រសួងសុខាភិបាលរកឃើញករណីសង្ស័យជំងឺគ្រុនឈីកលើពលរដ្ឋជាង២ពាន់នាក់ហើយ

វិទ្យុជាតិកម្ពុជា៖ លោកស្រីធីណា ឌីណេ
Mc៖ ក្រសួងសុខាភិបាលបានរកឃើញករណីសង្ស័យជំងឺគ្រុនឈីកលើប្រជាពលរដ្ឋជាង២ពាន់នាក់ នៅចំណោមខេត្តទាំង១៥។

លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានឱ្យដឹងថា មកដល់ពេលនេះ ក្រសួងបានរកឃើញករណីសង្ស័យជំងឺគ្រុនឈីក សរុបចំនួន ២០៤៧ នាក់ ដែលបានរាយការណ៍តាមរយៈប្រព័ន្ធឃ្លាំមើលជំងឺគ្រុនឈាមពីមន្ទីរសុខាភិបាលក្នុងខេត្តចំនួន១៥ខេត្ត រួមមាន ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ សៀមរាប កំពង់ចាម ត្បូងឃ្មុំ ស្ទឹងត្រែង កំពត ពោធិ៍សាត់ កណ្ដាល កំពង់ធំ តាកែវ កំពត និងខេត្តព្រះសីហនុ។
លោកជំទាវបន្តថា នៅក្នុងចំនួនសរុបករណីសង្ស័យជំងឺគ្រុនឈីកខាងលើមាន ៥៨ភាគរយ (ស្មើនឹង១១៨៤នាក់) កើតមានលើមនុស្សពេញវ័យ ចំនួន ៣០.៣ភាគរយ ជាកុមារអាយុលើសពីប្រាំឆ្នាំ និងចំនួន១១.៧ភាគរយ ជាកុមារមានអាយុក្រោមប្រាំឆ្នាំ។
គួរកត់សម្គាល់ផងដែរថា ក្នុងចំណោមមនុស្សធំ អ្នកជំងឺភេទស្រីមាន ៥៨.២% (ស្មើនឹង ៦៨៩នាក់) និងអ្នកជំងឺភេទប្រុសមាន ៤១.៧% (ស្មើនឹងចំនួន ៤៩៤នាក់)។ ចំនួនអ្នកឈឺជាង ៨០% នៃករណីសង្ស័យសរុប គឺមកពីខេត្តបន្ទាយមានជ័យ កំពង់ចាម សៀមរាប និងខេត្តតាកែវ។ អ្នកជំងឺប្រមាណជា ៩០ភាគរយ ក្នុងចំណោមអ្នកជំងឺសរុបទាំងអស់ បានជាសះស្បើយ ហើយនៅសល់១០ភាគរយ កំពុងបន្តការព្យាបាលនៅមន្ទីរពេទ្យរដ្ឋ។ កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម បានបញ្ជាក់ផងដែរថា អ្នកជំងឺប្រមាណជា ៧២.៤០ភាគរយ នៃករណីសង្ស័យសរុបខាងលើ គឺមានជំងឺគ្រុនឈីក។
យោងតាមលទ្ធផលធ្វើការសិក្សាបាណកសាស្ត្រ របស់កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម ក៏បានបង្ហាញដែរថា នៅក្នុង និងជុំវិញផ្ទះ ត្រូវបានគេពិនិត្យមើលវត្តមានរបស់ដង្កូវទឹក បង្កើតជាមូស ដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈីក និងគ្រុនឈាម គឺចំនួន ៦៦.៧ភាគរយ មាននៅក្នុងសំបកកង់ឡាន និងម៉ូតូ សំបកដប កំប៉ុង ត្រឡោកដូង ចានបាយសម្ល ជ័រ កំប៉ុងកាហ្វេជ័រ និងចំនួន ៣៣.៣ភាគរយ មាននៅក្នុងពាងមូល ពាងស៊ីម៉ងត៍ អាងទឹក និងកុងតឺន័រ។
លោកជំទាវបានបញ្ជាក់ថា ដើម្បីការពារសុខភាពឱ្យកាន់តែមានប្រសិទ្ធភាពជៀសផុត ពីការឆ្លងជំងឺគ្រុនឈីក និងគ្រុនឈាមដោយសារសត្វមូសខ្លា ញីខាំ និងជំងឺផ្សេងទៀតសូមប្រជាពលរដ្ឋត្រូវយកចិត្តទុកដាក់ នឹងការពារខ្លួនឱ្យបានជាប់ជានិច្ចដោយកម្ចាត់ដង្កូវទឹកនៅតាមទីកន្លែងដែលមានវត្ថុដែលមានទឹកដក់ ដែលទុកចោលមិនប្រើប្រាស់ ដូចជាសំបក កង់ឡាន ម៉ូតូ សំបកដប កំប៉ុង ត្រឡោកដូង ចានបាយសម្លជ័រ កំប៉ុងកាហ្វេជ្រត្រូវកប់ ឬដុត ឬកម្ទេចចោល ឬទុកដាក់ឱ្យមានរបៀប ដើម្បីកុំឱ្យមានទឹកដក់។ត្រូវដាក់ថ្នាំអាបែតក្នុងពាង ឬអាងឬវត្ថុស្តុកទឹក ព្រោះរដូវកាលនេះជារដូវភ្លៀង ហើយការកកើតមូសជាដើម។
«សំឡេង៖ «យើងអាចបំបាច់បានមិនឲ្យមានការកកើតមូលខ្លានេះច្រើន កាលណាយើងមិនមានមូសខ្លា មានន័យថាយើងជៀសផុតនូវការចម្លងជំងឺគ្រុនឈីក ក៏ដូចជាជំងឺគ្រុនឈាម ហើយយើងមានជំងឺផ្សេងទៀត ដែលវាកកើតដោយសារមូសដែល ចឹងប្រសិនជាយើងការពារបាន គឺយើងអាចការពារនូវជំងឺផ្សេងៗទៀតបានផងដែរ។ ទន្ទឹមនឹងនេះ សូមបងប្អូន ធ្វើយ៉ាងម៉េចកុំអោយមានមូសខាំ ប្រសិនបើបងប្អូនមានលទ្ធភាពប្រើប្រាស់នូវថ្នាំលាបសម្លាប់ស្វតល្អិតជាពិសេសនៅពេលថ្ងៃ ព្រោះមូសខ្លានេះវាខាំនៅពេលថ្ងៃ ដូច្នោះសូមប្រយ័ត្នប្រយែងកូនចៅនិងក្រុមគ្រួសាររបស់ខ្លួន ហើយប្រសិនជាបងប្អូនដែលនៅឆ្ងាយនៅក្នុងសហគមន៍គឺត្រូវសម្រាន្តនៅក្នុងមុង ហើយបើមានមុងជ្រលក់ថ្នាំរឹតតែជាការល្អ ដែលកម្មវិធីប្រយុទ្ធនឹងជំងឺគ្រុនចាញ់ប៉ារ៉ាស៊ីតសាស្រ្តនិងបាណកសាស្រ្តដែលលោកមានការចែកចាយជូនទៅដល់បងប្អូនយើងច្រើនហើយដែរ» ។
ឯកឧត្តសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏សូមធ្វើការក្រើនរំលឹក និងលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប ព្រមទាំងអាជ្ញាធរមូលដ្ឋានថ្នាក់ ក្រោមជាតិទាំងអស់ ត្រូវបង្កើនការចូលរួមចលនា លុបបំបាត់ជម្រកមូសខ្លា និងទប់ស្កាត់ការកកើតសត្វមូស ដោយត្រូវប្រកាន់ខ្ជាប់នូវ ទម្លាប់រស់នៅស្អាត ធ្វើអនាម័យផ្ទះសម្បែង ផ្ទះមានពន្លឺចេញចូល ទុកដាក់របស់របរ សំលៀកបំពាក់ក្នុង និងក្រៅផ្ទះ ឱ្យមានសណ្ដាប់ធ្នាប់ លុបបំបាត់ព្រៃស៊ុបទ្រុបជុំវិញផ្ទះ។ ក្នុងអំឡុងពេលថ្ងៃ គឺចាំបាច់ត្រូវស្លៀកសំលៀកបំពាក់មានដៃវែងជើងវែង សម្រាន្តក្នុងមុងជាប្រចាំ ទាំងថ្ងៃទាំងយប់ និងមិនត្រូវអង្គុយលេងនៅជិតទីកន្លែងងងឹតៗនោះទេ។
ក្រសួងសុខាភិបាលបានបញ្ជាក់ទៀតថា ប្រសិនបើប្រជាពលរដ្ឋ មានអាការៈមិនស្រួល ដូចជាក្ដៅខ្លួនលើសពី ៣៨អង្សារសេ ចេញកន្ទួលក្រហមលើខ្លួនប្រាណ ឬនៅដៃ ឬមាន បញ្ហាសុខភាព សូមប្រញាប់ទៅស្វែងរកការពិគ្រោះ ពិនិត្យព្យាបាល នៅតាមមន្ទីរពេទ្យរដ្ឋ ដែលនៅជិតលោកអ្នកបំផុត។
សូមមបញ្ជាក់ថា ជំងឺគ្រុនឈីកបានផ្ទុះឡើង នៅក្នុងភូមិមួយចំនួន នៃសង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០៕