ក្រសួង​បី បានរួមគ្នាពិនិត្យនិងពិភាក្សាក្នុងការបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ០៧ ០៨ ២០២០


MC៖ក្រសួងបី បានរួមគ្នាពិនិត្យនិងពិភាក្សាក្នុងការបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ ខណៈដែលគ្រឹះស្ថានសិក្សានៅទូទាំងប្រទេសកម្ពុជា ត្រូវបានផ្អាកដំណើរការចាប់តាំងពីថ្ងៃទី ១៦ ខែ មីនា ឆ្នាំ ២០២០ ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹងថា ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ប) បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាលើ“សេចក្តីព្រាងយុទ្ធសាស្ត្រស្តីពីការបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា, ឯកឧត្តមបណ្ឌិតសាស្ត្រាចារ្យ ម៉មប៊ុ នហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ពីក្រសួង-ស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត ។
អង្គប្រជុំបានសំរេច ថា នៅក្នុងឆ្នាំ ២០២០ និង ២០២១ នេះគ្រឹះស្ថានសិក្សាគ្រប់ប្រភេទនឹងមិនអាចមានដំណើរការបានដូចមុនពេលមានវិបត្តិនៃជំងឺកូវី-១៩ ឡើយ ។ គ្រឹះស្ថាន-សិក្សា ត្រូវសម្របសម្រួលទៅតាម ជីវិតរស់នៅធម្មតាតាមគន្លងបែបថ្មី (New Normal Life) តាមរយៈការអនុវត្តវិធានការសុវត្ថិភាពសិក្សា ដើម្បីការពារសុវត្ថិភាពអ្នកសិក្សា, បុគ្គលិកសិក្សា, បុគ្គលិកបម្រើការផ្សេងទៀត និងផ្តល់ទំនុកចិត្តដល់មាតាបិតា ។ ក្នុងបរិការណ៍នេះ, ក្រសួងអប់រំ យុវជននិងកីឡា បានរៀបចំយុទ្ធសាស្ត្រស្តីពីការបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ ដោយឈរលើអភិក្រម ២ គឺ ១ ការបើកដំណើរការឡើងវិញតាមដំណាក់កាលនូវគ្រឹះស្ថានសិក្សាដែលអាចអនុវត្តបានត្រឹមត្រូវតាម ស្តង់ដាសុវត្ថិភាពសុខភាព និង ២ ការបន្តអនុវត្តវិធីសាស្រ្តនៃការសិក្សាតាមបែបចម្រុះ គឺការសិក្សាក្នុងថ្នាក់រៀន ការសិក្សាពីចម្ងាយតាមប្រព័ន្ធអេឡិចត្រូនិក (distance and e-learning) និងតាមបែបប្រពៃណី (សន្លឹកកិច្ចការជំនួយ) រួមទាំងការធ្វើស្វ័យសិក្សា (សម្រាប់ សិស្សនៅទីជនបទ) ។
ប្រភពដដែល បញ្ជាក់ថា ដោយឈរលើអភិក្រមទាំងពីរនេះ យុទ្ធសាស្ត្រស្តីពីការបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ ត្រូវបានរៀបចំឡើងដោយឈរលើគោលការណ៍ ចំនួន ០៥ ចំណុច រួមមាន១ ក្រសួងរៀបចំការបើក ដំណើរការគ្រឹះស្ថានសិក្សាឡើងវិញជា ៣ ដំណាក់កាល បន្តបន្ទាប់គ្នា ។ ២ គ្រឹះស្ថានសិក្សាមិនទាន់អាចដំណើរការឡើងវិញពេញលេញនៅឡើយ និងត្រូវអនុវត្តនូវវិធីសាស្ត្រចម្រុះគឺការសិក្សាពីចម្ងាយតាមប្រព័ន្ធអេឡិចត្រូនិក និងតាមប្រព័ន្ធប្រពៃណី (សម្រាប់ទីជនបទ) រួមជាមួយនឹងការសិក្សានៅក្នុងថ្នាក់រៀន ។ ៣ ការអនុញ្ញាតឱ្យបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញតាមដំណាក់កាលនីមួយៗ បន្ទាប់ពីគ្រឹះស្ថានសិក្សាទាំងនោះបានត្រៀមខ្លួនរួចរាល់ និងអនុវត្តបានត្រឹមត្រូវតាមលក្ខខណ្ឌតម្រូវសុវត្ថិភាពដែលកំណត់ដោយក្រសួងសុខាភិបាល និងលក្ខខណ្ឌតម្រូវបច្ចេកទេសនៃការសិក្សា និងការបង្រៀន ដែលកំណត់ដោយក្រសួងអប់រំ យុវជន និងកីឡា ។ ៤. ការបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ គឺឈរលើគោលការណ៍ស្ម័គ្រចិត្ត ដោយមានការទទួលខុសត្រូវខ្ពស់ និងការប្តេជ្ញាចិត្តក្នុងការអនុវត្តវិធានការសុវត្ថិភាព សុខភាពរបស់ក្រសួង សុខាភិបាល និងអង្គការសុខភាពពិភពលោក ព្រមទាំងមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ និង៥ ការបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ ក៏ឈរលើគោលការណ៍នៃទីតាំងភូមិសាស្ត្រនៃកម្រិតហានិភ័យរបស់ការរាលដាលនៃជំងឺកូវី-១៩ ៕