មេដឹកនាំកូរ៉េខាងជើងបញ្ជាឱ្យផ្តល់ជំនួយពិសេសសម្រាប់ទីក្រុង Kaesong ដែលបានបិទដោយសារមេរោគកូរ៉ូណាវីរុស

AKP ភ្នំពេញ ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០​ — កាលពីថ្ងៃព្រហស្បតិ៍ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើងបានរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានកោះប្រជុំក្រុមប្រឹក្សាប្រតិបត្តិនៃគណបក្សពលករ ហើយបានបញ្ជាឱ្យផ្តល់ជំនួយពិសេសដល់ទីក្រុង Kaesong ដែលបានបិទដោយសារការព្រួយបារម្ភអំពីមេរោគកូរ៉ូណាវីរុស។

កាលពីចុងខែកក្កដា ប្រទេសកូរ៉េខាងជើងបានប្រកាស «ប្រព័ន្ធភាពអាសន្នអតិបរមា» មួយ ប្រឆាំងនឹងវីរុសនេះ បន្ទាប់ពីខ្លួនបានអះអាងថា អ្នកដែលបានវិលត្រឡប់មកពីភាគកូរ៉េខាងត្បូងវិញមានមានរោគសញ្ញានៃជំងឺកូវីដ-១៩។ ចាប់តាំងពីពេលនោះមក កិច្ចប្រឹងប្រែងកំចាត់មេរោគកូរ៉ូណាវីរុសត្រូវបានបង្កើន ដោយបិទទីក្រុង Kaesong ទាំងស្រុងចាប់តាំងពីថ្ងៃទី២៤ ខែកក្កដា និងរឹតបន្តឹងនៅតាមព្រំដែនប្រទេសរបស់ខ្លួន។

ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) បាននិយាយថា «បន្ទាប់មកអង្គប្រជុំបានឮនូវរបាយការណ៍ ស្តីពីការងារប្រឆាំងនឹងជំងឺរាតត្បាត និងស្ថានភាពនៅទីក្រុង Kaesong ដែលត្រូវបានបិទទាំងស្រុងក្រោមប្រព័ន្ធភាពអាសន្នអតិបរិមារបស់រដ្ឋ ពួកគេបានពិភាក្សា នឹងបានសម្រេចចំពោះការផ្គត់ផ្គង់ស្បៀងអាហារ និងមូលនិធិពិសេសរបស់គណៈកម្មាធិការមជ្ឈិមបក្សសម្រាប់ទីក្រុងនេះដើម្បីស្ថិរភាពការរស់នៅរបស់ប្រជាពលរដ្ឋខ្លួន នឹងបានណែនាំដល់វិស័យពាក់ព័ន្ធនានាឱ្យចាត់វិធានការជាបន្ទាន់នៅក្នុងបញ្ហានេះ»។

ទីភ្នាក់ងារសារព័ត៌មាន KCNA បាននិយាយថា សម្ភារៈជំនួយជាង ៣០ប្រភេទដែលមានចំនួនជាង ៥៥០.០០០សម្រាប់ ត្រូវបានបញ្ជូនទៅទីក្រុង Kaesong ជាបន្ទាន់ ចាប់តាំងពីការចាប់ផ្តើមប្រព័ន្ធភាពអាសន្នអតិបរមា៕

(ប្រភព Yonhab បកប្រែដោយលោក យា ចិន្តាខន្តី)