ប្រធានាធិបតីកូរ៉េខាងត្បូងសម្តែងការសោកស្តាយចំពោះកូរ៉េខាងជើង ដែលមិនជូនដំណឹងដល់ទីក្រុងសេអ៊ូលអំពីការបើកទំនប់ទឹក

AKP ភ្នំពេញ ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០​ — កាលពីថ្ងៃព្រហស្បតិ៍ ប្រភពបាននិយាយថា ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេអ៊ីន បានសម្តែងការសោកស្តាយចំពោះប្រទេសកូរ៉េខាងជើង ដែលមិនបានផ្តល់ការជូនដំណឹងជាមុនដល់ទីក្រុង សេអ៊ូលអំពីការបង្ហូរទឹកចេញពីទំនប់វារីអគ្គិសនីនៅភាគខាងជើងនៃព្រំដែនអន្តរកូរ៉េ។

លោកប្រធានាធិបតីបានធ្វើអត្ថាធិប្បាយដូចនេះ នៅក្នុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់តំបន់ទំនប់ទឹក Gunnam ដែលស្ថិតនៅក្រោមខ្សែទឹកពីទំនប់ Hwanggang របស់កូរ៉េខាងជើង។

កាលពីដើមសប្តាហ៍នេះ ទ្វារទឹកនៅទំនប់វារីអគ្គិសនី Hwanggang ត្រូវបានបើកដើម្បីបញ្ចេញទឹកហូរចូលទៅក្នុងទន្លេ Imjin ដែលហូរកាត់ប្រទេសកូរ៉េខាងត្បូងចូលទៅក្នុងសមុទ្រលឿង។ ការហូរចេញនេះ បណ្តាលឱ្យទឹកឡើងដល់កម្រិតខ្ពស់បំផុត ហើយបានបង្ខំឱ្យអាជ្ញាធរមូលដ្ឋាននៅតំបន់ Gyeonggi ភាគខាងជើងបញ្ជាឱ្យមានការជម្លៀសប្រជាជនចេញពីតំបន់ទំនាបមួយចំនួន។

លោក មូន បាននិយាយប្រាប់មន្រ្តីគ្រប់គ្រងធនធានទឹកថា «ប្រសិនបើកូរ៉េខាងជើងជូនដំណឹងយើងអំពីផែនការបើកទ្វារទឹកនេះ វានឹងជួយយើងក្នុងការគ្រប់គ្រងកម្រិតទឹកនៅទំនប់ទប់ទឹកជំនន់នៅ Gunnam ប៉ុន្តែវាជារឿងគួរឱ្យខ្មាស់អៀនមួយដែលការជូនដំណឹងនេះមិនត្រូវបានធ្វើឡើង»។ លោកបានចង្អុលបង្ហាញថា កន្លងមកភាគីទាំងពីរបានឯកភាពគ្នាក្នុងការចែករំលែកព័ត៌មានបែបនេះ ប៉ុន្តែកិច្ចព្រមព្រៀងនោះមិនត្រូវបានអនុវត្តទេ។

លោក មូន បាននិយាយថា ដោយមើលឃើញអំពីកង្វះព័ត៌មានដែលចេញមកពីកូរ៉េខាងជើងនោះ ប្រទេសកូរ៉េខាងត្បូងចាំបាច់ត្រូវពិនិត្យមើលរបាយការណ៍អាកាសធាតុដោយប្រុងប្រយ័ត្ន និងរៀបចំផែនការជាមុនក្នុងការរំពឹងទុកថា ទឹកនឹងហូរចេញដោយគ្មានការព្រមាន៕

(ប្រភព Yonhab បកប្រែដោយលោក យា ចិន្តាខន្តី)