សមាជិកសភាឥណ្ឌា លោក Rahul Gandhi ចោទប្រកាន់នាយករដ្ឋមន្រ្តីឥណ្ឌា ចំពោះការនិយាយកុហកអំពីការឈ្លានពានរបស់ចិន

AKP ភ្នំពេញ ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០​ — ក្រសួងការពារជាតិឥណ្ឌាបានចេញផ្សាយឯកសារមួយនៅក្នុងសប្តាហ៍នេះ ដោយទទួលស្គាល់ថា «ការឈ្លានពានរបស់ចិន» នៅតាមបណ្តោយបន្ទាត់នៃការត្រួតពិនិត្យជាក់ស្តែង (LAC) កំពុងកើនឡើង ជាពិសេសនៅជ្រលងភ្នំហ្គាវ៉ាន់នៅតំបន់ Ladakh ដែលនៅទីនោះមានទាហានឥណ្ឌា ២០នាក់បានស្លាប់កាលពីខែមិថុនា នៅក្នុងការប៉ះទង្គិចដ៏អាក្រក់បំផុតមួយក្នុងរយៈពេលជិត ៥០ឆ្នាំមកនេះ។

កាលពីថ្ងៃព្រហស្បតិ៍ អ្នកនយោបាយគណបក្សនៅក្នុងសភា លោក Rahul Gandhi បានវាយប្រហារម្តងទៀតចំពោះនាយករដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modi ដោយបានចោទប្រកាន់លោកនាយករដ្ឋមន្រ្តីនេះថា បាននិយាយកុហកប្រជាជននៃប្រទេសខ្លួនអំពីការប្រឈមមុខដាក់គ្នាជាមួយប្រទេសចិននាពេលថ្មីៗនេះ។

លោក Rahul Gandhi បាននិយាយនៅក្នុងបណ្តាញសង្គម Twitter ដោយចែករំលែកព័ត៌មានស្តីពីការឈ្លានពានរបស់កងទ័ពប្រជាជនចិន (PLA) ចូលទឹកដីឥណ្ឌានៅតំបន់ Ladakh កាលពីខែឧសភាថា «ហេតុអ្វីបានជានាយករដ្ឋមន្រ្តីនិយាយកុហកបែបនេះ?»។

កាលពីថ្ងៃទី៤ ខែសីហា ក្រសួងការពារជាតិ (MoD) បានចែករំលែកឯកសារដែលមានព័ត៌មានលម្អិតអំពីសកម្មភាពនៅ LAC ប៉ុន្ដែក្រោយមកបានលុបវាចេញពីគេហទំព័រវិញ។

ឯកសារនោះបាននិយាយថា «ភាគីចិនបានរំលោភបំពាននៅក្នុងតំបន់ Kugrang Nala, Gogra (PP-17A) និងច្រាំងខាងជើងនៃ Pangong Tso កាលពីថ្ងៃទី ១៧-១៨ ខែឧសភា» ដោយបាននិយាយបន្ថែមថា ការប្រឈមមុខដាក់គ្នាត្រូវបានគេរំពឹងទុកថា នឹងនៅមានជាបន្ត។

ឯកសារដែលត្រូវបានលុបចោលវិញនោះបានបញ្ជាក់ថា «ចំពោះបញ្ហានេះ អន្តរកម្មនៅថ្នាក់ក្រោមជាតិត្រូវបានធ្វើឡើងរវាងកងកម្លាំងប្រដាប់អាវុធនៃភាគីទាំងពីរដើម្បីដោះស្រាយស្ថានការណ៍។ ទោះជាយ៉ាងណាក៏ដោយ ឧប្បត្តិហេតុប្រឈមមុខគ្នានឹងអំពើហិង្សាមួយបានកើតឡើងរវាងភាគីទាំងពីរកាលពីថ្ងៃទី ១៥ ខែមិថុនា ដែលបណ្តាលឱ្យមានការខូចខាតដល់ភាគីទាំងសងខាង៕

(ប្រភព Sputnik បកប្រែដោយលោក យា ចិន្តាខន្តី)