ប្រទេសថៃអនុញ្ញាតឱ្យមានការស្នាក់នៅរយៈពេលយូរសម្រាប់ពលករចំណាកស្រុក

AKP ភ្នំពេញ ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០​ — គណៈរដ្ឋមន្រ្តីថៃបានអនុម័តផែនការរបស់ក្រសួងការងារ ដើម្បីអនុញ្ញាតឱ្យពលករបរទេសជាង ៥០០.០០០នាក់ ដែលមានឯកសារស្របច្បាប់ស្នាក់នៅបានរយៈពេលយូរជាងមុន សម្រាប់ធ្វើការនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះរហូតដល់ខែមីនា ឆ្នាំ ២០២២ ។

អ្នកនាំពាក្យរងរបស់រដ្ឋាភិបាលថៃ លោកស្រី Rachada Dhnadirek បាននិយាយថា ការយល់ព្រមនេះត្រូវបានផ្តល់ជូនស្របតាមគោលការណ៍ណែនាំថ្មីរបស់រដ្ឋាភិបាល ស្តីពីការគ្រប់គ្រងពលករចំណាកស្រុកពីប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ក្នុងអំឡុងពេលមានជំងឺរាតត្បាតកូវីដ-១៩។

គោលការណ៍ណែនាំរបស់ក្រសួងមានគោលបំណងដើម្បីធានាថា ប្រទេសថៃរក្សាបាននូវកម្លាំងពលកម្មដែលជាតម្រូវការដើម្បីពង្រឹងសេដ្ឋកិច្ច នឹងដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺកូវីដ-១៩ ដែលរាលដាលពីជនជាតិបរទេសផងដែរ។

លោកស្រី Rachada បាននិយាយថា គណៈរដ្ឋមន្រ្តីថៃបានសម្រេចអនុញ្ញាតឱ្យពលករចំណាកស្រុកដែលមានលិខិតឆ្លងដែន លិខិតបញ្ជាក់អត្តសញ្ញាណ នឹងឯកសារធ្វើដំណើរផ្សេងៗទៀត ដោយមិនរាប់បញ្ចូលលិខិតឆ្លងកាត់ព្រំដែន ដើម្បីបន្តធ្វើការងារចាប់ពីចុងខែតុលាឆ្នាំនេះនៅពេលដែលការអនុញ្ញាតរបស់ពួកគេផុតកំណត់រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)