រាជរដ្ឋាភិបាលអនុញ្ញាតឱ្យប្រឡងជ្រើសរើសមន្ត្រីក្រមការឡើងវិញ

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ០៧ ០៨ ២០២០


MC: រាជរដ្ឋាភិបាលអនុញ្ញាតឱ្យប្រឡងជ្រើសរើសមន្ត្រីក្រមការឡើងវិញ បន្ទាប់ពីផ្អាកដោយ សារការរងផលប៉ះពាល់ដោយជំងឺកូវីដ១៩។
សេចក្តីជូនដំណឹងរបស់ឯកឧត្តម ព្រំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា រាជរដ្ឋាភិបាល បានអនុញ្ញាតឱ្យជ្រើសរើសមន្ត្រីក្រមការចំនួន១២០នាក់ ឱ្យចូលរៀននៅសាលាភូមិន្ទរដ្ឋបាល សម្រាប់ការបណ្តុះបណ្តាលនៅឆ្នាំ២០២១ខាងមុខនេះ។
ឯកឧត្តម មានប្រសាសន៍ថា ការប្រឡងជ្រើសរើសត្រូវធ្វើឡើងតាមការប្រកួតប្រជែង ក្នុងចំណោមមន្ត្រីរាជការ និងនិស្សិត ហើយបេក្ខជនទាំងពីរភេទដែលប្រលងជាប់ នឹងត្រូវចូលរៀននៅសាលាភូមិន្ទរដ្ឋបាលរយៈពេល១ឆ្នាំ ដោយក្នុងកំឡុងពេលនៃការចូលរៀន សិស្សត្រូវបានទទួលប្រាក់ឧបត្ថម្ភប្រចាំខែ តាមគោលការណ៍កំណត់របស់រាជរដ្ឋាភិបាល។
សេចក្តីជូនដំណឹង បានបញ្ជាក់ថា បេក្ខជនទាំងពីរភេទជានិស្សិតត្រូវមានអាយុយ៉ាងច្រើនបំផុត២៨ឆ្នាំ គិតមកដល់ថ្ងៃប្រឡង ហើយត្រូវមានសញ្ញាបត្រ ឬលិខិតបញ្ជាក់ការសិក្សាទាបបំផុតកម្រិត ទុតិយភូមិ បូក២ឆ្នាំ ឬសញ្ញាបត្រដែលមានតម្លៃស្មើ ខណៈបេក្ខជនជាមន្ត្រីរាជការត្រូវបានលើកលែងលក្ខខណ្ឌអាយុ។
កាលបរិច្ឆេទបំពេញពាក្យប្រឡង ធ្វើតាមប្រព័ន្ធOnline ចាប់ផ្តើមពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០តទៅ តាមគេហទំព័រ sms.era.gov.kh ឬអាចទៅបំពេញពាក្យសុំប្រឡងតាមប្រព័ន្ធOnline នៅសាលាភូមិន្ទរដ្ឋបាល។ សម្រាប់កាលបរិច្ឆេទនៃការប្រឡងជ្រើសរើសនេះ នឹងប្រព្រឹត្តទៅនៅខែវិច្ឆិកា ឆ្នាំ២០២០។
ក្រសួងមុខងារសាធារណៈ កាលពីខែមេសា ឆ្នាំ២០២០ បានប្រកាសផ្អាកជ្រើសរើសក្របខណ្ឌថ្មីជាបណ្ដោះអាសន្ន ក្នុងការចូលបម្រើការងារជាមន្ត្រីរាជការនៅតាមក្រសួងស្ថាប័ន អង្គភាពថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បន្ទាប់ពីរាជរដ្ឋាភិបាលប្រកាសកាត់បន្ថយថវិកាដល់ក្រសួងនានារហូតដល់ទៅ៥០ភាគរយ ដើម្បីសន្សំប្រាក់សម្រាប់ដោះស្រាយផលប៉ះពាល់នៃវិបត្តិកូវីដ១៩ និងសម្រាប់ទប់ទល់ទៅនឹងចំណូលចរន្តជាតិ បច្ចុប្បន្នដែលមានកម្រិតទាប៕