ឯកឧត្តម កែ គឹមយ៉ាន ណែនាំឲ្យបង្កើនការបង្ការការពារ ជំងឺកូវីដ-១៩ នៅតាមមណ្ឌលព្យាបាលស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន

វិទ្យុជាតិកម្ពុជា៖


MC៖ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ានបានណែនាំឲ្យ បង្កើនការបង្ការការពារការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅតាមមណ្ឌលព្យាបាលស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ។
ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានជំរុញឲ្យប្រធានមជ្ឈមណ្ឌលព្យាបាលស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនទំាងអស់់ ត្រូវគោរពទៅតាមវិធានថែរក្សាសុខភាពបង្ការជំងឺឆ្លងកូវីដ១៩ តាមគោលការណ៍របស់ក្រសួង សុខាភិបាល ដូចជា រក្សាគម្លាត កាត់បន្ថយភាពចង្អៀតណែន ការធ្វើអនាម័យហូបចុក និងខ្លួនប្រាណ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា មជ្ឈមណ្ឌលជាតិផ្តល់សេវាព្យាបាល ដោយស្ម័គ្រចិត្ត និងផ្អែកលើសហគមន៍ នៅខេត្តព្រះសីហនុ នឹងកសាងរួចរាល់ និងដាក់ឱ្យដំណើរការ នៅខែវិច្ឆិកា ២០២០ ខាងមុខ ដូច្នេះទីនោះនឹងកាត់បន្ថយភាពចង្អៀតណែន បង្ការការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងមណ្ឌលព្យាបាលស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន។
ឯកឧត្តម នាយឧត្តមសេនីយ៍ ថ្លែង ក្នុងកិច្ចប្រជុំត្រៀមដាក់ឱ្យដំណើរការនូវមជ្ឈមណ្ឌលជាតិថា មជ្ឈមណ្ឌល ជាតិនេះ នឹងក្លាយជាមជ្ឈមណ្ឌលដែលផ្តល់ការបណ្តុះបណ្តាលផលិតធនធានមនុស្សពហុចំណេះជំនាញ បម្រើដល់ទីផ្សារការងារ នៅកម្ពុជា និងសុំឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ពិនិត្យជួយផ្តល់សម្ភារបច្ចេកទេស កសិកម្ម សម្រាប់បណ្តុះបណ្តាលជំនាញកសិកម្មនៅមជ្ឈមណ្ឌលជាតិនេះ។
ឯកឧត្តមប្រធានអាជ្ញាធរជាតិ បន្តថា មជ្ឈមណ្ឌលជាតិនេះមានការរួមចំណែកសាងសង់ដោយរាជរដ្ឋាភិបាលថៃ ហើយនឹងបើកដាក់ឱ្យ ដំណើរការស្របពេលខួបទី៧០ឆ្នាំនៃចំណងមិត្តភាពសាមគ្គីភាពរវាងព្រះរាជាណាចក្រកម្ពុជា-ព្រះរាជាណាចក្រ ថៃនាពេលខាងមុខ ៕