គណៈកម្មការទន្លេមេគង្គជំរុញឱ្យប្រទេសតាមដងទន្លេមេគង្គទាំងអស់ដោះស្រាយបញ្ហាលំហូរទឹកទាប

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ០៧ ០៨ ២០២០


MC: ប្រទេសតាមដងទន្លេមេគង្គទាំង៦ ត្រូវបានជំរុញឱ្យដោះស្រាយបញ្ហាលំហូរទឹកទាបក្នុងតំបន់ ខណៈដែលអាងទន្លេមេគង្គក្រោមប្រឈមនឹងកំណត់ត្រាលំហូរទឹកទាបអស់រយៈពេល ២ឆ្នាំបន្តបន្ទាប់គ្នា។
គណៈកម្មការទន្លេមេគង្គ ហៅកាត់ថា MRC នៅថ្ងៃទី៧ ខែសីហានេះ បាននិយាយថា ស្ថានភាពជលសាស្ត្រក្នុងអាងទន្លេមេគង្គក្រោម អំឡុងពីខែមករា ដល់ខែកក្កដា ឆ្នាំ២០២០នេះ បានកំណត់នូវបុព្វហេតុបឋមជាច្រើន ដែលអាចបង្កឱ្យមានលំហូរទឹកទាប និងគ្រោះរាំងស្ងួតសម្រាប់ឆ្នាំនេះ។ មូលហេតុទាំងនេះ រួមមានបរិមាណភ្លៀងធ្លាក់តិចតួចខុសប្រក្រតីដែលបង្កដោយបាតុភូតអាកាសធាតុ អែល នីណូ (El Nino) ស្ថានភាពលំហូរទាប រយៈពេលយូរដែលបន្តអូសបន្លាយចាប់ពីឆ្នាំ២០១៩មក និងលំហូរទឹកកម្រិតទាបជាងមុនពីដៃទន្លេមេគង្គ។ លំហូរទាបបែបនេះ បានធ្វើឱ្យបឹងទន្លេសាបរបស់ប្រទេសកម្ពុជាជួបប្រទះស្ថានភាពស្ងួតខ្លាំង ដែលបង្កឱ្យបរិមាណលំហូរត្រឡប់ចូលបឹងធ្លាក់ដល់កម្រិតទាបបំផុតនៅក្នុងកំណត់ត្រាគិតចាប់ពីឆ្នាំ១៩៩៧មក។
លោកបណ្ឌិត អាន ពេជ្រហត្ថដា នាយកប្រតិបត្តិនៃលេខាធិការដ្ឋាន MRC មានប្រសាសន៍ថា «យើងអំពាវនាវឲ្យប្រទេសតាមដងទន្លេមេគង្គទាំង៦ បង្កើនការចែករំលែកទិន្នន័យ និងព័ត៌មានអំពីប្រតិបត្តិការទំនប់ និងហេដ្ឋារចនាសម្ព័ន្ធទឹករបស់សាម៉ីប្រទេស ជាមួយនឹងMRCឱ្យបានរហ័ស និងប្រកបដោយតម្លាភាព។ វាដល់ពេលហើយ ដែលប្រទេសទាំងអស់ ត្រូវអនុវត្តនូវអ្វីដែលខ្លួនបានអះអាង និងធ្វើសកម្មភាពដើម្បីប្រយោជន៍រួមសម្រាប់អាងទន្លេមេគង្គទាំងមូល និងសម្រាប់សហគមន៍ដែលរងផលប៉ះពាល់»។
យោងតាមទិន្នន័យតាមដានទឹកភ្លៀង និងអាកាសធាតុរបស់MRC និងពីប្រភពជាសកលផ្សេងៗទៀត បង្ហាញថា ប្រតិបត្តិការនៃទំនប់នានាតាមទន្លេមេក្នុងអាងទន្លេមេគង្គលើ និង ទំនប់តាមដៃទន្លេផ្សេងៗក្នុងអាងទន្លេមេគង្គក្រោម អាចនឹងជះឥទ្ធិពលលើស្ថានភាពលំហូរទឹកទាបនាពេលនេះ។ ទោះជាយ៉ាងណាក៏ដោយ លេខាធិការដ្ឋាន MRC មិនមានទិន្នន័យ និងព័ត៌មានជាផ្លូវការ ដើម្បីផ្ទៀងផ្ទាត់ពីផលប៉ះពាល់ដែលអាចកើតមាននៃប្រតិបត្តិការទំនប់វារីអគ្គិសនីក្នុងអាងទន្លេមេគង្គលើទេ។
របាយការណ៍ដែលមានកម្រាស់៣២ទំព័រ បានបង្ហាញថា លំហូរទាបនាពេលបច្ចុប្បន្ន អាចនឹងជះឥទ្ធិពលធ្ងន់ធ្ងរលើប្រទេសកម្ពុជា ដោយសារការបាត់បង់នូវសក្តានុពលជលផល និងធារាសាស្ត្រ ចំណែកប្រទេសវៀតណាម អាចនឹងជួបប្រទះការកាត់បន្ថយផលិតកម្មស្រូវលើដីសណ្ត ខណៈផលិតផលកសិកម្មក្នុងប្រទេសឡាវ និងថៃ ក៏អាចនឹងរងផលប៉ះពាល់។
របាយការណ៍នេះ បន្ថែមថា អតុល្យភាពបែបអេកូឡូស៊ីអាចនឹងកើតមាន ដោយសារ បម្រែបម្រួលខ្លាំងនៃការកំណត់ថេរៈវេលា និងវិសាលភាពនៃការជន់លិចក្នុងបឹងទន្លេសាប និងតំបន់លិចទឹកជុំវិញបឹងនេះ។ ស្ថានភាពបែបនេះ អាចនឹងធ្វើឱ្យការបន្តពូជត្រីថយចុះដោយសារការបាត់បង់នូវតំបន់លូតលាស់នានា ដែលជប៉ះពាល់ដល់ការលូតលាស់នៃមច្ឆា ជាតិ និងរុក្ខជាតិក្នុងទឹកដទៃទៀត។ ការធ្លាក់ចុះនៃទិន្នផលត្រី អាចនឹងកើតមានឡើង ដែលបញ្ហានេះនឹងគំរាមកំហែងដល់សន្តិសុខស្បៀង សម្រាប់សហគមន៍ដែលងាយរងគ្រោះបំផុតនៅក្នុងតំបន់។
បឹងទន្លេសាប គឺជាបឹងទឹកសាបធំជាងគេ និងមានផលិតភាពខ្ពស់បំផុតនៅក្នុងអាស៊ីអគ្នេយ៍ ហើយត្រូវបានចាត់ទុកជាទីជម្រកជីវៈចម្រុះមួយក្នុងពិភពលោក និងជារោងចក្រត្រីដ៏សំខាន់របស់ទន្លេមេគង្គ។ ជាទូទៅលំហូរត្រឡប់ចូលបឹងពីទន្លេមេគង្គ កើតមានចាប់ពីពាក់កណ្តាលខែឧសភា ដល់ពាក់កណ្តាលខែតុលា ដែលមានរយៈពេល១២០ថ្ងៃជាមធ្យម។ ប៉ុន្តែ នៅឆ្នាំនេះ លំហូរត្រឡប់នៅក្នុងបរិមាណប្រក្រតីនៅមិនទាន់កើតមានទេ បើទោះបីជាមានលំហូរបរិមាណតិចបំផុតពីរដង នៅក្នុងខែកក្កដាក្តី។
MRC បានស្នើឱ្យប្រទេសជាសមាជិកមាន៖ កម្ពុជា ឡាវ ថៃ និងវៀតណាម ផ្តល់ព័ត៌មានណែនាំដល់ប្រតិបត្តិករទំនប់វារីអគ្គិសនី និងប្រតិបតិ្តករធារាសាស្ត្រ តាមដងទន្លេអំពីស្ថានភាពនេះ ដើម្បីធានាថា ការប្រើប្រាស់ទឹកត្រូវបានគ្រប់គ្រងដោយយកចិត្តទុកដាក់ខ្ពស់។ ជាមួយគ្នានេះ ប្រទេសទាំងនេះ គួរតែស្វែងរកនូវប្រភពទឹកជំនួសផ្សេងទៀត ដើម្បីធានាឱ្យមានការផ្គត់ផ្គង់ទឹកគ្រប់គ្រាន់។
MRC បានបញ្ជាក់ថា ប្រសិនបើលំហូរទាបនៅតែបន្ត ប្រទេសទាំងបួនគួរតែពិចារណាសំណូមពរឱ្យប្រទេសចិនបង្ហូរទឹកបន្ថែម ដូចដែលបានអនុវត្តនៅឆ្នាំ២០១៦ ដើម្បីជួយសម្រាលស្ថានភាពក្នុងអាងទន្លេមេគង្គក្រោម ជាពិសេសក្នុងអំឡុងរដូវប្រាំងខាងមុខនេះ៕