កម្ពុជា​រៀបចំកម្មវិធីអបអរពិធីរាប់ថយក្រោយ ១០០០ថ្ងៃឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោនៅម៉ោង ៥ល្ងាចថ្ងៃសុក្រនេះ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ជៀង​ យ៉ា​រ៉េត​

ម៉ោង ៥ល្ងាចថ្ងៃសុក្រនេះ CAMSOC នឹងរៀបចំកម្មវិធីដ៏ធំមួយ នៅពហុកីឡដ្ឋានជាតិមរតកតេជោ គឺពិធីរាប់ថយក្រោយ ១០០០ថ្ងៃ ឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ក្រោមអធិបតីតភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC ដោយនឹងមានសន្ធឹកស្គរជ័យ និងកម្មវិធីជាច្រើនទៀត ដើម្បីអបអរថ្ងៃពិសេស ក្នុងដំណើរឆ្ពោះទៅកាន់ព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រលើកដំបូងនៅកម្ពុជានេះផងដែរ។
បើតាមការបញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ឲ្យដឹងថា គិតត្រឹមថ្ងៃទី ០៧ ខែសីហា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ដែលជាថ្ងៃប្រារព្ធពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នៅកម្ពុជា គឺនៅសល់រយៈពេល ១០០០ថ្ងៃទៀតប៉ុណ្ណោះ។
អមជាមួយកម្មវិធីរាប់ថយក្រោយនេះដែរ CAMSOC ក៏មានកម្មវិធីពិសេសមួយទៀត គឺការប្រកាសរង្វាន់ជ័យលាភី សម្រាប់បេក្ខជន និងបេក្ខនារីឆ្នើម ចំពោះស្លាកសញ្ញា(Logo) និងរូបសត្វតំណាង(Mascot) ដែលត្រូវបានជ្រើសរើសប្រើប្រាស់ផ្លូវការ ក្នុងការប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ និងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅកម្ពុជាដែលអមដោយរង្វាន់លើកទឹកចិត្តដ៏ច្រើនទៀតផង។
ឯកឧត្តម វ៉ាត់ ចំរើន បានបញ្ជាក់ថា កម្មវិធីនេះរៀបចំឡើង ក្នុងគោលបំណងផ្សព្វផ្សាយដល់បណ្ដាប្រទេសលើពិភពលោក បានដឹងពីការត្រៀមខ្លួនរួចរាល់ ដើម្បីធ្វើម្ចាស់ផ្ទះស៊ីហ្គេម ហើយក៏ក្រើនរំឮកដល់ប្រជាពលរដ្ឋគ្រប់ច្រកល្ហកចូលរួមរាប់ថយក្រោយនិងត្រៀមស្វាគមន៍៕