ប្រធានកំពង់ផែបេរូតអះអាងថា គ្មានគ្រឿងផ្ទុះណាមួយ ត្រូវបានគេទុកនៅក្បែរសារធាតុដែលផ្ទុះឡើងនោះទេ

AKP ភ្នំពេញ ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០​ — យោងតាមកាកបាទក្រហមលីបង់បានឱ្យដឹងថា ការផ្ទុះដ៏សាហាវមួយបានកើតឡើងនៅកំពង់ផែ    បេរូត ( Beirut ) ប្រទេសលីបង់ កាលពីថ្ងៃទី ៤ ខែសីហា បានសម្លាប់មនុស្សប្រមាណ ១០០នាក់ និងជាង ៤.០០០នាក់រងរបួស។

ប្រធានកំពង់ផែបេរូតបានបញ្ជាក់ថា មិនមានគ្រឿងផ្ទុះណាមួយត្រូវបានរក្សាទុកនៅក្បែរសារធាតុដែលបានផ្ទុះឡើងនៅមួយថ្ងៃមុន ដែលធ្វើឱ្យមនុស្សរាប់ពាន់នាក់រងរបួសនោះទេ។

យោងតាមប្រធានមណ្ឌលនេះបានឱ្យដឹងថា វត្ថុទាំងនោះ គឺជាវត្ថុធាតុដើមដែលមានគ្រោះថ្នាក់ ប៉ុន្តែ «មិនដល់កម្រិតនេះទេ»។ លោកក៏បាននិយាយផងដែរថា គយ និងសន្តិសុខរដ្ឋ បានផ្ញើលិខិតទៅ «ដកយកសម្ភារៈផ្ទុះទាំងនោះចេញ ប៉ុន្តែអស់រយៈពេល ៦ឆ្នាំមកហើយដែលយើងបានរង់ចាំដំណោះស្រាយបញ្ហានេះដោយគ្មានលទ្ធផល»។

ក្នុងពេលបច្ចុប្បន្ននេះ អាជ្ញាធរលីបង់បានសម្រេចប្រើកំពង់ផែទ្រីប៉ូលី (Tripoli) ជាបណ្តោះអាសន្នដើម្បីជំនួសកំពង់ផែបេរូតដែលត្រូវបានបំផ្លិចបំផ្លាញដោយសារការផ្ទុះនេះ។

សេចក្តីថ្លែងការណ៍នេះធ្វើឡើងបន្ទាប់ពីនាយករដ្ឋមន្រ្តីលីបង់ លោក Hassan Diab បានបញ្ជាក់ថា ការផ្ទុះនេះបណ្តាលមកពីការផ្ទុកមិនត្រឹមត្រូវនៃសារធាតុនីត្រាតអាម៉ូញ៉ូមចំនួន ២.៧៥០តោននៅកំពង់ផែ    បេរូត។ អគ្គលេខាធិការកាកបាទក្រហមលីបង់ លោក George Kettaneh បាននិយាយថា បច្ចុប្បន្ននេះចំនួនអ្នកស្លាប់ដោយសារការផ្ទុះដ៏ខ្លាំងនេះអាចមានប្រហែល ១០០នាក់ ហើយចំនួនអ្នករងរបួសសរុបមានជាង ៤.០០០នាក់។

យោងតាមអភិបាលក្រុងបានឱ្យដឹងថា អគារជាងពាក់កណ្តាលនៃទីក្រុងត្រូវបានបំផ្លាញ ឬខូចខាតធ្ងន់ធ្ងរដោយសារការផ្ទុះនេះ។ រដ្ឋាភិបាលលីបង់បានប្រកាសពីការកាន់ទុក្ខរយៈពេល ៣ថ្ងៃសម្រាប់ជនរងគ្រោះនៃសោកនាដកម្មនេះដែលចាប់ផ្តើមចាប់ពីថ្ងៃទី ៥ ខែសីហា៕

(ប្រភព Sputnik បកប្រែដោយលោក យា ចិន្តាខន្តី)