មន្រ្តីពាណិជ្ជកម្មចិន និងសហរដ្ឋអាមេរិក នឹងជួបពិភាក្សាគ្នា ដើម្បីវាយតម្លៃនូវដំណាក់កាលទី ១ នៃកិច្ចព្រមព្រៀងពាណិជ្ជកម្ម

AKP ភ្នំពេញ ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០​ — មន្រ្តីពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក និងចិន នឹងធ្វើកិច្ចចរចាថ្នាក់ខ្ពស់មួយនៅថ្ងៃទី ១៥ ខែសីហា ដើម្បីវាយតម្លៃនូវដំណាក់កាលទី ១ នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មរបស់ពួកគេ។

ការរាយការណ៍របស់កាសែត The Wall Street Journal បាននិយាយថា អ្នកតំណាងពាណិជ្ជកម្មអាម៉េរិក លោក Robert Lighthizer និងឧបនាយករដ្ឋមន្រ្តីចិន លោក Liu He នឹងពិភាក្សាគ្នាអំពីការអនុលោមរបស់ទីក្រុងប៉េកាំងជាមួយនឹងកិច្ចព្រមព្រៀងនេះ។

នៅពេលមុននេះ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅសហរដ្ឋអាមេរិក លោក Cui Tiankai បានលើកឡើងនៅក្នុងកិច្ចពិភាក្សាវេទិកាសន្តិសុខ Aspen ថា ភាគីទាំងពីរប្រហែលជាមិនអាចជួបគ្នាដោយផ្ទាល់ទេ ហើយនឹងត្រូវបើកកិច្ចប្រជុំតាមប្រព័ន្ធអ៊ិនធើណេតដោយសារការឆ្លងរាតត្បាតនៃមេរោគកូរ៉ូណាវីរុស។ លោកឯកអគ្គ រដ្ឋទូតរូបនេះបាននិយាយបន្ថែមថា កិច្ចប្រជុំបែបនេះនឹងមានលក្ខណៈ «វិជ្ជមានខ្លាំង»។

កាលពីពាក់កណ្តាលខែមករា សហរដ្ឋអាមេរិក និងចិន បានឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី១។ ទីក្រុងប៉េកាំងបានយល់ព្រមបង្កើនការទិញទំនិញ និងសេវាកម្មរបស់សហរដ្ឋអាមេរិក ចំនួន ២០០ប៊ីលានដុល្លារអាម៉េរិកក្នុងរយៈពេលពីរឆ្នាំខាងមុខ។ កាលពីថ្ងៃទី ១៤ ខែកុម្ភៈ ប្រទេសចិនបានកាត់បន្ថយពន្ធ ៥០ភាគរយទៅលើទំនិញមួយចំនួនរបស់សហរដ្ឋអាមេរិក។

ភាពតានតឹងផ្នែកពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន បានកើនឡើងនៅខែសីហា ឆ្នាំ ២០១៩   ខណៈដែលប្រទេសចិនបាននិយាយថា ខ្លួននឹងអនុវត្តពន្ធគយចាប់ពី ៥ ទៅ ១០ភាគរយលើទំនិញរបស់អាម៉េរិក ដែលមានតម្លៃ ៧៥ប៊ីលានដុល្លារអាមេរិក និងពន្ធ ២៥ភាគរយទៅលើរថយន្តអាម៉េរិក។ វិធានការនេះធ្វើឡើងបន្ទាប់ពីសេចក្តីសម្រេចរបស់ទីក្រុងវ៉ាស៊ីនតោនក្នុងការដាក់ពន្ធ ១០ភាគរយបន្ថែមទៅលើការនាំចូលទំនិញរបស់ចិនដែលមានតម្លៃ ៣០០ប៊ីលានដុល្លារអាមេរិក៕

(ប្រភព Sputnik បកប្រែដោយលោក យា ចិន្តាខន្តី)