ធនាគារអភិវឌ្ឍអាស៊ីផ្តល់ប្រាក់កម្ចី ១,៥ប៊ីលានដុល្លារអាមេរិក ដើម្បីជួយប្រទេសថៃក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

AKP ភ្នំពេញ ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០​ — ធនាគារអភិវឌ្ឍអាស៊ី ( ADB ) បានប្រកាសថា ខ្លួននឹងផ្តល់ប្រាក់កម្ចីដែលមានទឹកប្រាក់ចំនួន ១,៥​    ប៊ីលានដុល្លារអាមេរិកដើម្បីគាំទ្រដល់ការឆ្លើយតបរបស់ប្រទេសថៃចំពោះការរីករាលដាលនៃជំងឺកូវីដ-១៩ ។

ប្រធានធនាគារ ADB លោក Masatsugu Asakawa បាននិយាយថា ប្រាក់កម្ចីនេះនឹងជួយកាត់បន្ថយផលប៉ះពាល់ពីជំងឺរាតត្បាតដល់សង្គម និងសេដ្ឋកិច្ចនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។

លោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ការគាំទ្រថវិការបស់យើងនឹងជួយដល់កញ្ចប់ថវិកាជំនួយរបស់មូលនិធិរដ្ឋាភិបាល ដែលមានគោលបំណងដើម្បីរៀបចំប្រព័ន្ធថែទាំសុខភាពរបស់ប្រទេសនេះឱ្យបានល្អប្រសើរសម្រាប់រលកនៃការរីករាលដាលជំងឺកូវីដ-១៩ នាពេលអនាគត ការពារជនងាយរងគ្រោះ គាំទ្រសហគ្រាសធុនតូច និងមធ្យម (SMEs) នៅក្នុងឧស្សាហកម្មដែលរងផលប៉ះពាល់ខ្លាំងពីការផ្ទុះឡើងនៃជំងឺនេះ ដូចជាឧស្សាហកម្មទេសចរណ៍ និងផលិតកម្ម ព្រមទាំងផ្តល់នូវការជំរុញសេដ្ឋកិច្ចទូទៅផងដែរ»។

ប្រទេសថៃមានប្រព័ន្ធថែទាំសុខភាពមួយដែលមានការអភិវឌ្ឍខ្លាំងជាងនៅអាស៊ីអាគ្នេយ៍ ប៉ុន្តែប្រទេសនេះនៅតែងាយរងគ្រោះដោយសារជំងឺរាតត្បាតនេះ ដោយសារតែការធ្វើសមាហរណកម្មស៊ីជម្រៅជាមួយសេដ្ឋកិច្ចក្នុងតំបន់​ និងក្នុងពិភពលោក។

ធនាគារ ADB បានព្យាករថា សេដ្ឋកិច្ចរបស់ប្រទេសថៃនឹងធ្លាក់ចុះ ៦,៥ភាគរយនៅក្នុងឆ្នាំ ២០២០ ផ្ទុយពីការព្យាកររបស់ខ្លួនកាលពីខែធ្នូ ឆ្នាំ ២០១៩ ដែលមានកំណើន ៣ភាគរយ។

ធនាគារ ADB បាននិយាយថា ប្រាក់កម្ចីដល់ប្រទេសថៃនេះត្រូវបានផ្តល់មូលនិធិតាមរយៈជម្រើសនៃកម្មវិធីការឆ្លើយតបនឹងការរាតត្បាតនៃជំងឺកូវីដ-១៩ (CPRO) ក្រោមការគាំទ្ររបស់ខ្លួន។

កម្មវិធី CPRO ត្រូវបានបង្កើតឡើងជាផ្នែកមួយនៃធនាគារដែលមានទំហំទឹកប្រាក់ចំនួន ២០ប៊ីលានដុល្លារអាមេរិក ដែលបានពង្រីកជំនួយសម្រាប់សមាជិកជាប្រទេសកំពុងអភិវឌ្ឍន៍ដើម្បីឆ្លើយតបទៅនឹងជំងឺ   កូវីដ-១៩ ដែលត្រូវបានប្រកាសកាលពីថ្ងៃទី ១៣ ខែមេសាកន្លងទៅនេះ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)