សេដ្ឋកិច្ចឌីជីថលជួយលើកកម្ពស់ការតភ្ជាប់ទំនាក់ទំនង នៅក្នុងតំបន់ឥណ្ឌូ – អាស៊ាន – អូសេអានី

AKP ភ្នំពេញ ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០​ — ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឥណ្ឌា លោក Pham Sanh Chau បានស្នើឱ្យប្រទេសនានាជំរុញសេដ្ឋកិច្ចឌីជីថល និងកម្មវិធីព័ត៌មានវិទ្យានៅក្នុងប្រព័ន្ធរដ្ឋបាលរបស់ខ្លួន ដើម្បីបង្កើនការតភ្ជាប់ទំនាក់ទំនង និងសមាហរណកម្មនៅក្នុងតំបន់ឥណ្ឌូ – អាស៊ាន – អូសេអានី។

លោកបានផ្តល់យោបល់នេះនៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធអ៊ិនធើណេតជាមួយឯកអគ្គរដ្ឋទូតនៃប្រទេសដែលចូលរួមក្នុងកិច្ចប្រជុំកំពូលឥណ្ឌូ – អាស៊ាន – អូសេអានី និងពិព័រណ៍ ដែលរៀបចំឡើងដោយសហព័ន្ធឧស្សាហកម្មឥណ្ឌា (CII) ចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៦ ខែសីហា។

លោក Chau បានពន្យល់ថា ជំងឺរាតត្បាតកូវីដ-១៩ បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ច និងពាណិជ្ជកម្មពិភពលោក។ លើសពីនេះទៅទៀត នីតិវិធីរដ្ឋបាលស្មុគស្មាញនៅក្នុងប្រទេសនីមួយៗក៏បានបង្កការលំបាកសម្រាប់អាជីវកម្មផងដែរ។

ឯកអគ្គរដ្ឋទូតរូបនេះបាននិយាយថា ដោយមើលឃើញអំពីបញ្ហានេះ ទីភ្នាក់ងាររដ្ឋបាលនានាចាំបាច់ត្រូវតែខិតខំដើម្បីជួយសហគ្រាសក្នុងការដោះស្រាយឧបសគ្គទាំងនេះ។

លោក Chau បាននិយាយអំពីការចេញវិញ្ញាបនបត្រអេឡិចត្រូនិចដើមកំណើត (e-Co) របស់ឥណ្ឌា ចំពេលដែលកំពុងមានការផ្ទុះឡើងនៃជំងឺរាតត្បាត ដែលមិនមាននៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន – ឥណ្ឌា។

ទោះជាយ៉ាងណា ប្រទេសវៀតណាមក្នុងនាមជាប្រធានអាស៊ាន បានអមដំណើរជាមួយប្រទេសឥណ្ឌា និងប្រទេសដទៃទៀតដើម្បីដោះស្រាយបញ្ហានេះ។

កិច្ចប្រជុំកំពូល និងពិព័រណ៍ពាណិជ្ជកម្មឥណ្ឌូ – អាស៊ាន – អូសេអានី គឺជាកិច្ចប្រជុំកំពូលត្រីភាគីដំបូងបង្អស់របស់ខ្លួនដែលមានការចូលរួមពីបណ្តាប្រទេសលេចធ្លោមកពីអាស៊ាន និងតំបន់អូសេអានី។

វិស័យដែលផ្តោតសំខាន់សម្រាប់កិច្ចប្រជុំកំពូល និងពិព័រណ៍នេះ រួមមាន៖ ជីវបច្ចេកវិទ្យា ឱសថ និងសុខភាព ផលិតផលកសិកម្ម ថាមពល ថាមពលកកើតឡើងវិញ សង្វាក់ភ័ស្តុភារ និងផ្គត់ផ្គង់ ឧបករណ៍ទូរគមនាគមន៍ និងបច្ចេកព័ត៌មានវិទ្យា និង MSME ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)