បណ្តាប្រទេសអាស៊ានបូក ៣ ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ

AKP ភ្នំពេញ ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០​ — កាលពីថ្ងៃទី៥ ខែសីហា កិច្ចប្រជុំអ្នកតំណាងហិរញ្ញវត្ថុ និងធនាគារកណ្តាលអាស៊ានបូក ៣ (AFCDM+3) ត្រូវបានធ្វើឡើងតាមរយៈសន្និសីទវីដេអូ ក្រោមការដឹកនាំរបស់ប្រទេសវៀតណាម និងជប៉ុន។

នេះគឺជាកិច្ចប្រជុំដ៏សំខាន់មួយនៅក្នុងព្រឹត្តិការណ៍កិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុអាស៊ាន និងអាស៊ាន បូក ៣ ដែលដឹកនាំដោយប្រទេសវៀតណាមនៅក្នុងឆ្នាំនេះ ដើម្បីរៀបចំសម្រាប់កិច្ចប្រជុំរដ្ឋមន្រ្តីហិរញ្ញវត្ថុ អាស៊ានបូក ៣ និងកិច្ចប្រជុំអភិបាលធនាគារកណ្តាលដែលគ្រោងធ្វើនៅខែកញ្ញាខាងមុខ។

អនុរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ និងអភិបាលរងនៃធនាគារកណ្តាលនៃរដ្ឋជាសមាជិកអាស៊ាន ចិន សាធារណរដ្ឋកូរ៉េ និងជប៉ុន បានពិភាក្សាគ្នាអំពីគំនិតផ្តួចផ្តើមនៃកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុនៅក្នុងតំបន់ ដូចជាគំនិតផ្តួចផ្តើមពហុភាគីឈៀងម៉ៃ (CMIM) និងគំនិតផ្តួចផ្តើមទីផ្សារមូលបត្របំណុលអាស៊ី (ABMI) ព្រមទាំងបានអនុម័តគោលនយោបាយ និងផែនការសម្រាប់ប្រតិបត្តិការពាក់កណ្តាលអាណត្តិនៃការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន (AMRO) ផងដែរ។

អ្នកចូលរួមទាំងអស់បានសម្តែងការកោតសរសើរ ចំពោះការរីកចម្រើនដែលបានត្រូវធ្វើនៅក្នុងការបន្តនូវការបញ្ចប់ CMIM ដើម្បីឆ្លើយតបនឹងតម្រូវការថ្មីៗនៅក្នុងទីផ្សារហិរញ្ញវត្ថុ និងស្របតាមយន្តការសម្របសម្រួលរវាង CMIM និងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ។

ពួកគេបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ AMRO ក្នុងការអនុវត្តការត្រួតពិនិត្យម៉ាក្រូសេដ្ឋកិច្ច និងគាំទ្ររដ្ឋជាសមាជិកក្នុងការលើកកម្ពស់សមត្ថភាពបង្កើតគោលនយោបាយរបស់ពួកគេ។

ពួកគេក៏បានសាទរផងដែរចំពោះសមិទ្ធិផលដែលត្រូវបានធ្វើឡើងដោយក្រុមការងារ ABMI ក្នុងការស្រាវជ្រាវវិធានការដើម្បីធ្វើឱ្យប្រសើរឡើងនូវបរិយាកាសវិនិយោគ អភិវឌ្ឍន៍ឧបករណ៍វិនិយោគថ្មីៗ បំពេញក្របខ័ណ្ឌច្បាប់ ការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធសម្រាប់ទីផ្សារមូលបត្របំណុល និងអនុវត្តកម្មវិធីជំនួយបច្ចេកទេសដើម្បីធ្វើឱ្យប្រសើរឡើងនូវទីផ្សារមូលបត្របំណុលរបស់សមាជិកសេដ្ឋកិច្ច។

នៅក្នុងក្តីសង្ឃឹមនៃការពង្រឹងស្ថិរភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្នុងតំបន់​ គណៈប្រតិភូទាំងអស់បានពិចារណាអំពីល្បឿននៃការអនុវត្តគំនិតផ្តួចផ្តើមថ្មីៗនៅក្នុងក្របខ័ណ្ឌនៃទិសដៅយុទ្ធសាស្ត្រនៃដំណើរការហិរញ្ញវត្ថុអាស៊ានបូក ៣ ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)