ទីក្រុងហូជីមិញនឹងផាកពិន័យប្រជាជនចំពោះការមិនពាក់ម៉ាសបិទមុខនៅទីសាធារណៈ

AKP ភ្នំពេញ ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០​ — ប្រជាជនទាំងអស់នៅទីក្រុងហូជីមិញដែលមិនពាក់ម៉ាស់មុខ នៅទីកន្លែងសាធារណៈនឹងត្រូវពិន័យជាទឹកប្រាក់ពី ១០០.០០០ ទៅ ៣០០.០០០ដុង (៤,៣៣ ទៅ ១៣ដុល្លារអាម៉េរិក) ចាប់ពីថ្ងៃទី៥ ខែសីហា ម្សិលមិញនេះ។

ប្រធានគណៈកម្មាធិការប្រជាជនប្រចាំទីក្រុង លោក Nguyen Thanh Phong បានធ្វើសំណើនេះកាលពីថ្មីៗនេះ ដោយហេតុថា ការពាក់ម៉ាស់មុខអាចជៀសវាងការរីករាលដាលមេរោគដល់អ្នកដទៃ និងការពារសុខភាពរបស់អ្នកប្រើប្រាស់ផងដែរ។

កាលពីចុងខែមីនា ទីក្រុងហូជីមិញ និងតំបន់ជាច្រើននៅទូទាំងប្រទេសវៀតណាមបានដាក់ទណ្ឌកម្មដល់ប្រជាជនដែលមិនបានពាក់របាំងមុខនៅតាមទីសាធារណៈនូវចំនួនទឹកប្រាក់ ២០០.០០០ដុង។ ក្នុងរយៈពេលប្រហែលមួយខែ ទីក្រុងនេះផាកពិន័យបានជាង ៤.៣០០ករណី ដែលមានទឹកប្រាក់ប្រមាណជិត ៨៧០លានដុង។

អង្គភាពនានានៅក្នុងទីក្រុងនេះ បានប្តេជ្ញាចិត្តដើម្បីធានាឱ្យមានម៉ាសបិទមុខ ឱ្យបានគ្រប់គ្រាន់សម្រាប់ប្រជាជន។

រហូតមកដល់ពេលនេះ ទីក្រុងហូជីមិញបានកត់ត្រាការឆ្លងជំងឺកូវីដ-១៩ ចំនួន ៧០ករណី ដោយក្នុងនោះមាន ៦២ករណីបានជាសះស្បើយឡើងវិញ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)