អភិបាលរាជធានីណែនាំដល់មន្ទីរជំនាញត្រូវលុបបំបាត់កន្លែងលក់ហ្គាសអនាធិបតេយ្យ អោយអស់ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ

វិទ្យុជាតិកម្ពុជា៖ ហុក សុខរិន ថ្ងៃទី ៦ ខែសីហា ឆ្នាំ២០២០


MC៖ អភិបាលរាជធានីណែនាំដល់មន្ទីរជំនាញត្រូវលុបបំបាត់កន្លែងលក់ហ្គាសអនាធិបតេយ្យ អោយអស់ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដើម្បីកាត់បន្ថយហានិភ័យគ្រោះថ្នាក់របស់ប្រជាពលរដ្ឋ។
អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍៖
ក្នុងកិច្ចប្រជុំក្រុមប្រឹក្សារាជធានីភ្នំពេញនៅព្រឹកថ្ងៃទី៦ ខែសីហានេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានណែនាំឲ្យមន្ទីរជំនាញពាក់ព័ន្ធត្រូវសហការគ្នាជាមួយនឹងអាជ្ញាធរខណ្ឌទំាង ១៤ ដើម្បីចុះត្រួតពិនិត្យកន្លែងលក់ហ្គាសនានា ស្វែងយល់ពីទិដ្ឋភាពច្បាប់ សម្ភារៈបច្ចេកទេសស្តង់ដារ និងឧបករណ៍ការពារ ដើម្បីធានាថាអាជីវកម្មនេះគ្មានផលរំខានឬបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋនិង បរិស្ថាន។
ឯកឧត្តមបានបញ្ជាក់ថា បច្ចុប្បន្ននេះ នៅរាជធានីភ្នំពេញមានកន្លែងលក់ហ្គាសនិងបញ្ជូលហ្គាស ជាច្រើន ហើយកន្លែងខ្លះគ្មានស្តង់ដារបច្ចេកទេស បើប្រាស់ធុងហ្គាសចាស់ៗគ្មានគុណភាព ឬធុងស្តើង ដែលងាយបង្កហានិភ័យគ្រោះថ្នាក់ទំាងអ្នកបញ្ជូលនិងអ្នកប្រើប្រាស់។ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវដល់ក្រុមអាជីវករលក់ហ្គាសទំាងអស់ត្រូវបញ្ឈប់ការទិញធុងហ្គាសចាស់ៗពីប្រទេសដ៏ទៃ ហើយយកមកបាញ់ថ្នំាដើម្បីប្រើប្រាស់បន្ត ដែលនេះគឺជាហានិភ័យគ្រោះថ្នាក់ខ្ពស់អាចបង្កអោយផ្ទុះធុងហ្គាសនិង អគ្គិភ័យឆាប់ឆេះផ្ទះសម្បែងជាដើម។
សម្លេង«យើងឃើញថានៅរាជធានីភ្នំពេញសព្វថ្ងៃនេះ កន្លែងលក់ហ្គាសពុំមែនតែកន្លែងលក់ហ្គាសទេ គឺមានទំាងផលិតហ្គាសថែមទៀត ព្រោះពេលចុះទៅកន្លែងផ្ទុះហ្គាសគឺឃើញថ្មស្អុយដែលជា សារធាតុ ផលិតហ្គាស។ កិច្ចការងារនេះគឺជាសន្តិសុខសុវត្ថិភាពប្រជាពលរដ្ឋនៅមូលដ្ឋាន ហើយបើកាលណាបង្ក អោយមានកន្លែងលក់ហ្គាសអានាធិបតេយ្យកាន់តែច្រើន ហានិភ័យកាន់តែខ្ពស់ចំពោះយើង ហើយយើង ពិបាកឡានដែលរត់ទៅសង្គ្រោះ ក៏មានការចង្អៀតដោយសារបញ្ហាចរាចរណ៍ដែលចំណុចនេះត្រូវតែយក ចិត្តទុកដាក់អោយបានខ្ពស់។
ឯកឧត្តមប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញបានមានប្រសាសន៍ថា បញ្ហាហ្គាសឬការលក់សំាងដបនៅតាមចិញ្ចើមផ្លូវឬផ្ទះលក់ដូរគ្រឿងទេសជាបញ្ហាប្រឈមផ្នែកសុវត្ថិភាព ដោយត្រូវ បង្កើនការយកចិត្តទុកដាក់ លុបបំបាត់ឲ្យខាងតែបាន ខណៈដែលអគ្គិភ័យនានាដែលកើតឡើងនៅរាជ ធានីភ្នំពេញកន្លងមកនេះភាគច្រើនបណ្តាលមកពីការផ្ទុះធុងហ្គាសដែលគ្មានបច្ចេកទេស៕