CAMSOCប្រាប់សហព័ន្ធកីឡាជាតិនានា អំពីការត្រៀមស៊ីហ្គេមលើកទី៣១ ឆ្នាំ២០២១នៅប្រទេសវៀតណាម និងការរៀបចំក្រុមពិសេសសម្រាប់ស៊ីហ្គេមលើកទី៣២ ឆ្នាំ ២០២៣នៅកម្ពុជា

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ជៀង​ យ៉ា​រ៉េត​


គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC) បានប្រាប់សហព័ន្ធកីឡាជាតិនានា អំពីការត្រៀមស៊ីហ្គេមលើកទី៣១ឆ្នាំ២០២១នៅប្រទេសវៀតណាមនិងការរៀបចំក្រុមពិសេសសម្រាប់ស៊ីហ្គេមលើកទី៣២ ឆ្នាំ ២០២៣នៅកម្ពុជា ។
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានមានប្រសាសន៍បែបនេះ នៅក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានជាតិកាលពីពេលថ្មីៗកន្លងមកនេះ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។​ឯកឧត្តម​ បានបញ្ជាក់ថា កម្ពុជាកំពុងធ្វើដំណើរដោយស្វាហាប់ ម៉ឺងម៉ាត់ ប្រកបដោយក្តីសង្ឃឹមបំផុត ក្នុងដំណើរឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះឲ្យទទួលបានជោគជ័យ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម វ៉ាត់ ចំរើន បន្តថា នៅក្នុងកិច្ចប្រជុំក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតថោងខុន អនុ ប្រធានអចិន្ត្រៃយ៍CAMSOC ត្រូវបានផ្តោតលើ២ចំណុចសំខាន់ គឺទី១-បានផ្តល់ព័ត៌មានជាក់លាក់ជូនដល់សហព័ន្ធកីឡាជាតិនានា អំពីការត្រៀមខ្លួនចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី ៣១ ឆ្នាំ២០២១ នៅប្រទេសវៀតណាម និងទី២ គឺការដាក់ចេញនូវយុទ្ធសាស្ត្ររៀបចំក្រុមពិសេសសម្រាប់ប្រភេទកីឡានីមួយៗ សម្រាប់ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដោយសហព័ន្ធកីឡាជាតិទាំងអស់ ត្រូវសម្រិតសម្រាំងក្រុមពិសេសរបស់ខ្លួន ដើម្បីបង្កើនគុណភាពកាន់តែខ្ពស់។
ឯកឧត្តមវ៉ាត់ ចំរើន បញ្ជាក់ថា ស៊ីហ្គេមលើកទី ៣១ ឆ្នាំ២០២១ នៅប្រទេសវៀតណាម គឺជាហ្គេមយុទ្ធសាស្ត្រនៃការបញ្ជាក់នូវលទ្ធភាពចំពោះប្រភេទកីឡារបស់កម្ពុជាយើង ដែលអាចបន្តចូលទៅស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣បានឬមិនបាននោះ គឺផ្អែកទៅលើលទ្ធផលបច្ចេកទេសនៃស៊ីហ្គេមលើកទី៣១នេះហើយ ។ចំពោះលក្ខណៈពិសេសក្នុងការត្រៀមឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣ ដោយកម្ពុជាសហការជាមួយអ្នកឯកទេសក្រៅប្រទេស នឹងរៀបចំក្រុមពិសេស សំដៅសម្រុកឆ្ពោះទៅគោលដៅដ៏ធំចម្បង ដូចជាការត្រៀមឆ្ពោះទៅការប្រកួតអូឡាំពិកហ្គេម គឺត្រូវត្រៀម៤ឆ្នាំ ហើយកម្ពុជាក្នុងការត្រៀមស៊ីហ្គេម២០២៣នេះ ក៏ត្រៀមកម្លាំងពិសេសដូចគ្នាផងដែរ ។
ឯកឧត្តមបញ្ជាក់ទៀតថា គោលដៅយុទ្ធសាស្ត្រចំនួន៣ចំណុចសំខាន់ៗ ត្រូវបានឯកឧត្តមអនុប្រធាន Camsoc អះអាងថា ទី១-សហព័ន្ធកីឡាជាតិមួយ ត្រូវបង្កើតគោលការណ៍យន្តការច្បាស់លាស់មួយ ផ្តល់ការគាំទ្រដល់ក្រុមនេះមានភាពកក់ក្តៅក្នុងការអភិវឌ្ឍជំនាញរបស់ខ្លួន។ ទី២-អភិវឌ្ឍបច្ចេកទេសដល់ក្រុមពិសេសនេះ ឲ្យមានគុណផលកីឡាកាន់តែខ្ពស់។ ទី៣-ត្រូវស្វែងរកនូវមូលនិធិ ដើម្បីទ្រទ្រង់ឧបត្ថម្ភគាំទ្រទៅដល់ក្រុមពិសេសនេះ ដើម្បីសម្រួចគោលដៅបាញ់ឆ្ពោះទៅស៊ីហ្គេម២០២៣។
ឯកឧត្តមវ៉ាត់ ចំរើន បានលើកឡើងនូវប្រសាសន៍របស់ឯកឧត្តមបណ្ឌិត ថោង ខុន ដែលបានបញ្ជាក់ហើយបញ្ជាក់ទៀតថា «យើងមិនដើរថយក្រោយទេ យើងឆ្ពោះទៅមុខជានិច្ចដោយយើងសហការការគ្នាយ៉ាងជិតស្និទ្ធជាមួយក្រសួងអប់រំ យុវជននិងកីឡា ព្រមទាំងជាមួយសហព័ន្ធកីឡាជាតិទាំងអស់ ហើយគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ដែលដឹកនាំដោយសម្តេចពិជ័យសេនា ទៀ បាញ់ ដោយធ្វើយ៉ាងណារួមគ្នាធ្វើដំណើរដោយស្វាហាប់ យ៉ាងម៉ឺងម៉ាត់បំផុត ជាពិសេសគឺដំណើរប្រកបដោយក្តីសង្ឃឹមបំផុត ឆ្ពោះទៅជោគជ័យស៊ីហ្គេម លើកទី ៣២ ឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា» ៕