ខេត្តមណ្ឌលគិរីបន្តកែលម្អផ្លូវទៅកាន់រមណីយដ្ឋានទឹកធ្លាក់ប៊ូស្រាអោយបានស្អាត

វិទ្យុជាតិកម្ពុជាៈ ហាន់ ស្រីណា
MC៖មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តមណ្ឌលគិរី បន្តកែលម្អផ្លូវទៅកាន់រមណីយដ្ឋានទឹកធ្លាក់ប៊ូស្រាអោយបានស្អាតជាប្រចាំដើម្បីបង្កភាពងាយក្នុងការធ្វើដំណើររបស់ ប្រជាពលរដ្ឋនិងភ្ញៀវទេសចរ។
លោក រស់ គឹមធន ប្រធានមន្ទីរសារធារណការនិងដឹកជញ្ជូនខេត្តមណ្ឌលគិរីបានប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា បច្ចុប្បន្នក្រុមការងាររបស់មន្ទីរកំពុងជួសជុសនិងកែលម្អផ្លូវចាប់ពីទីប្រជុំជនរហូតដល់រមណីយដ្ឋានទឹកធ្លាក់ប៊ូស្រា ឲ្យបានលឿនបំផុតដើម្បីត្រៀមស្វាគមន៍ភ្ញៀវទេសចរដែលមកកំសាន្តថ្ងៃឈប់សម្រាកខាងមុខនេះ។
លោកបន្តថា ពីទីក្រុងសែនមនោរម្យទៅកាន់ទឹកធ្លាក់ប៊ូស្រាមានចំងាយជាង៤៣គីឡូម៉ែត្រ គឺបានធ្វើការពង្រីក១ម៉ែត្រសងខាង ប្រវែងប្រមាណជា២០គីឡូម៉ែត្រ និងជួសជុលបិទផ្លូវជង្ហុកសំបុកមាន់ជាច្រើនកន្លែងទៀត។
លោកបញ្ជាក់ថា កន្លងមកផ្លូវទៅកាន់ទឹកធ្លាក់ប៊ូស្រាពិបាកធ្វើដំណើរដោយសារមានផ្លូវសំបុកមាន់ច្រើន កន្លែងខ្លះហុយដីខ្លាំងពិបាកមើលផ្លូវ ប៉ុន្តែក្រោយពីការជួសជុលថែទាំជាប្រចាំមកធ្វើឲ្យផ្លូវដែលធ្លាប់តែពិបាកប្រែមកជាស្រួលធ្វើដំណើរដែលជួយសម្រួលការដឹកជញ្ជូនកសិកផលផ្សេងៗរបស់ប្រជាពលរដ្ឋពិសេសជួយឲ្យការធ្វើដំណើររបស់ភ្ញៀវទេសចរមានភាពរហ័សជាងមុន ។

សំឡេងៈពីមុនផ្លូវអស់នេះភាគច្រើនសំបុកមាន់ច្រើនហើយក៏មានការហុយមិនមែនមានតែផ្លូវនេះទេគឺផ្លូវជាតិលេខ ៧៦ក៏អញ្ចឹងដែរនេះផ្លូវ៤៧ ៦៤ ផ្លូវខេត្តឥឡូវយើងបានធ្វើការបិទសំបុកមាន់ស្ទើរតែអស់។ហើយការធ្វើដំណើរប្រកបដោយភាពរលូនស្រួលហើយលែងមានការហុយលែងមានការលំបាកទៀតហើយក្នុងការធ្វើដំណើរទៅកាន់តំបន់ទេសចរណ៍ទឹកធ្លាក់ប៊ូស្រា។
សូមបញ្ជាក់ថា មន្ទីរសារធារណការនិងដឹកជញ្ជូនខេត្តមណ្ឌគិរីទទួលបានគម្រោងជាអាទិភាពចំនួន២ ពីក្រសួងសាធារណការនិងដឹកជញ្ជូន គម្រោងទី១គឺ ការថែទាំផ្លូវជាប្រចាំក្នុងការជួសជុសផ្លូវសំបុកមាន់និងគម្រោងទី២ការថែទាំខួបគឺការ ជួសជុលទាំងស្រុងរាល់ផ្លូវដែលខូចគុណភាពខ្លាំង៕