កោះសំពៅមាសក្នុងខេត្តពោធិ៍សាត់ជាទីកន្លែងគោរពសក្ការៈបូជាដ៏សក្កិសិទ្ធនិងទាក់ទាញភ្ញៀវទេសចរ

វិទ្យុជាតិកម្ពុជា : ស៊ឹង សុផារី
Mc : កោះសំពៅមាសក្នុងខេត្តពោធិ៍សាត់ជាទីកន្លែងគោរពសក្ការៈបូជាដ៏សក្កិសិទ្ធបំផុតសំរាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិដែលបានធ្វើដំណើរឆ្លងកាត់ជាពិសេសប្រជាជនក្នុងតំបន់ ដើម្បីបួងសួងទៅតាមសេចក្តីប្រាថ្នា ។
លោក សំ ឃីម ប្រធានមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់បានមានប្រសាសន៍ថា កោះសំពៅមាសនេះ ជាទីកន្លែងគោរពបូជាដ៏ស័ក្តិសិទ្ធិសំខាន់មួយ ដក់ជាប់ក្នុងអារម្មណ៍របស់ប្រជាពលរដ្ឋទូទៅតាំងពីយូរលង់ណាស់មកហើយ ដែលមានឈ្មោះថា«ព្រះអង្គចៅសែន»។លោកបន្តថា កន្លែងនេះមានសក្តានុពលសម្រាប់វិស័យទេសចរណ៍របស់ខេត្ត ដោយសារកន្លែងនេះ ជាទីកន្លែងដែលមានប្រវត្តិព្រេងនិទានមិនអាចបំភ្លេចបានពាក់ព័ន្ធទៅនឹងដំណើររឿងសំពៅមួយបានកឿងនៅទីនោះ។
លោកបន្តថា ពីមួយថ្ងៃទៅមួយថ្ងៃមិនថាថ្ងៃចុងសប្តាហ៍ឬបុណ្យជាតិធំៗនោះទេ គឺ កោះសំពៅមាសតែងតែមានអ្នកទេសចរនិងប្រជាពលរដ្ឋក្នុងតំបន់មកលេងកម្សាន្តគយគន់ទេសភាពជុំវិញផ្ទៃទឹក ព័ទ្ធជុំវិញកោះ ក៏ដូចជាមកបន់ស្រន់សុំសេចក្តីសុខទៅតាមការប៉ងប្រាថ្នារបស់ពួកគេរៀងៗខ្លួនជាហូរហែមិនចេះដាច់ ។
សំឡេង : «កោះសំពៅនេះក្រោយពីរៀបចំបានស្អាតទៅ គឺយើងមិនអាចប្រើប្រាស់អ្វីដែលខុសពីបច្ចេកទេសឬខុសពីគោលការណ៍ទេ ដោយទី ១សម្រាប់ពិធីបុណ្យជាតិផ្សេងៗ ទី២ សំដៅធំនោះគឺជាកន្លែងលម្ហែកាយសម្រាប់ប្រជាពលរដ្ឋដូចជាហាត់ប្រាណដើម្បីរក្សាសុខភាពជាដើម» ។
លោកបានបន្ថែមទៀតថា កោះនេះត្រូវបានរៀបចំកែលម្អយ៉ាងមានសោភ័ណភាព ដូចទៅនឹងសំពៅដែលអណ្តែតលើទឹក ហើយនៅលើនោះមានសួនច្បារដ៏ស្អាតមានកន្លែងហាត់ប្រាណនិងកន្លែងគោរពបូជាហើយត្រូវបានប្រសិទ្ធនាមថា «បុរីវប្បធម៌» ព្រោះវាមានតម្លៃខាងសិល្បៈវប្បធម៌ខ្មែរត្រូវបានបង្ហាញនៅទីនោះ ។
សូមបញ្ជាក់ថា កោះសំពៅមាស គឺជាកោះមួយដែលផុសអណ្តែតខ្លួនឡើងនៅចំកណ្តាលទឹកស្ទឹងពោធិ៍សាត់ ស្ថិតនៅខាងមុខសាលាខេត្តចម្ងាយពីគល់ស្ពានថ្មទៅទិសខាងជើង ចម្ងាយប្រមាណ១០០០ម៉ែត្រ។ឈ្មោះកោះនេះគឺកើតឡើងពីការតំណាលតៗគ្នាមកថា៖ អស់កាលដ៏យូរលង់ណាស់មកហើយ មានសំពៅមួយគ្រឿងបានបើកមកកឿងជាប់គាំងនៅទីនេះ មិនអាចបើកទៅណារួច។ លុះយូរៗទៅសំពៅ ដែលជាប់គាំងនៅទីនោះក៏បានកកក្លាយទៅជាដីពូនកើតជាកោះនេះឡើងទើប អ្នកស្រុកនាំគ្នាហៅកោះនេះថា «កោះសំពៅមាស»៕