ក្រសួងព័ត៌មានប្តេជ្ញាពង្រីកការចូលរួមផ្សព្វផ្សាយលើការងារទប់ស្កាត់ការប្រែប្រួលអាកាសធាតុឱ្យមានប្រសិទ្ធភាព

វិទ្យុជាតិកម្ពុជា៖លោកជួន បូណា

ភ្នំពេេញ៖ក្រសួងព័ត៌មានប្តេជ្ញាពង្រីកការចូលរួមផ្សព្វផ្សាយលើការងារទប់ស្កាត់ការប្រែប្រួលអាកាសធាតុឱ្យមានប្រសិទ្ធភាពដើម្បីកាត់បន្ថយផលប៉ះពាល់នានារបស់ប្រជាពលរដ្ឋឱ្យមកនូវកំរិតទាប។
ឯកឧត្ដម ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ក្រសួងព័ត៌មានបានកំពុងរៀបចំចងក្រងឯកសារផ្សព្វផ្សាយដែលមានប្រសិទ្ធភាព ដើម្បីជួយដោះស្រាយបញ្ហាប្រឈមនានា អំពីការប្រែប្រួលអាកាសធាតុ មានដូចជាការឡើងកម្ដៅ ទឹកជំនន់ រាំងស្ងួត ខ្យល់ព្យុះ ផ្គររន្ទះជាដើម។
ថ្លែងប្រាប់អ្នកសារព័ត៌មានរបស់វិទ្យុជាតិកម្ពុជាក្រោយកិច្ចប្រជុំស្តីពីការផ្ដល់ធាតុចូលសម្រាប់រៀបចំរបាយការណ៍ បច្ចុប្បន្នភាពនៃការចូលរួមរបស់ជាតិ ដើម្បីអនុវត្ដអនុសញ្ញាក្របខណ្ឌអង្គការសហប្រជាជាតិ ស្ដីពីការប្រែប្រួលអាកាសធាតុ កាលពីរសៀលថ្ងៃទី៥ ខែសីហា នៅទីស្ដីការក្រសួងព័ត៌មាន ឯកឧត្ដមបានបញ្ជាក់ថា ប្រព័ន្ធផ្សព្វផ្សាយពិតជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយទប់ស្កាត់ការប្រែប្រួលអាកាសធាតុយ៉ាងមានប្រសិទ្ធភាព ខណៈការបម្រែបម្រួលអាកាសធាតុមានការកើតឡើងច្រើនគួរអោយកត់សម្គាល់ ដែលទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។
ឯកឧត្ដមបញ្ជាក់ទៀតថា ក្រសួងព័ត៌មាននិងបន្តចូលរួមចំណែកយ៉ាងសំខាន់ តាមរយៈការផ្សព្វផ្សាយអប់រំ បង្កើនការយល់ដឹង នឹងផ្លាស់ប្ដូរឥរិយាបទរបស់ប្រជាពលរដ្ឋក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលដើម្បីការពារបរិស្ថាន ការពារការបំពុលបរិយាកាស ដែលធានាដល់ការកាត់បន្ថយការបម្រែបម្រួលអាកាសធាតុ។
សំឡេង«យើងកំពុងប្រជុំគ្នាថ្ងៃនេះ ដើម្បីរក
វិធីសាស្រ្ដណា អប់រំបែបតាមណាឱ្យវាមានប្រសិទ្ធភាពដល់ប្រជាពលរដ្ឋយើងឱ្យមានការប្ដូរឥរិយាបទក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល និងសង្គមកាត់បន្ថយបំពុលសង្គម»។
សូមបញ្ជាក់ថា ប្រទេសកម្ពុជា ងាយទទួលរងផលប៉ះពាល់ខ្លាំងពីការប្រែប្រួលអាកាសធាតុ ដោយសារកម្ពុជាពឹងផ្អែកខ្លាំងលើវិស័យនានាដែលពាក់ព័ន្ធទៅនឹងធាតុអាកាស ដូចជា វិស័យកសិកម្ម ដីធ្លី ធនធានទឹក ព្រៃឈើ និងជលផលជាដើម៕