ទីភ្នាក់ងាររបស់ប្រទេសស្វីសជួយកម្ពុជាលើការអភិវឌ្ឍជំនាញទេសចរណ៍នៅភូមិភាគឦសាន្ត

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី
MC: ទីភ្នាក់ងាររបស់ប្រទេសស្វីស ជួយកម្ពុជាលើការអភិវឌ្ឍជំនាញទេសចរណ៍នៅភូមិភាគឦសាន្ត ដើម្បីបង្កើនប្រាក់ចំណូលរបស់សហគមន៍នៅទីនោះឱ្យកាន់តែល្អប្រសើរ។
ការគាំទ្រលើផ្នែកនេះ ត្រូវបានលោកស្រី Naddia Ottiger នាយិការងទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ ហៅកាត់ អង្គការ ស្វីស ខន់ថាក់ ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា(MoU)ជាមួយឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នារសៀលថ្ងៃទី ៥ ខែសីហា ឆ្នាំ២០២០នេះ នៅទីស្តីការក្រសួងទេសចរណ៍។
ឯកឧត្តម ថោង ខុន បានឱ្យដឹងថា ទីភ្នាក់ងាររបស់ប្រទេសស្វីសមួយនេះ គាំទ្រលើការបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍នៅភូមិភាគឦសាន្ត ដែលមានរយៈពេល៤ឆ្នាំ គិតចាប់ពីឆ្នាំ២០២០នេះ រហូតដល់ឆ្នាំ២០២៤ ហើយនេះក៏ជាកម្មវិធីអភិវឌ្ឍន៍ជំនាញវិជ្ជាជីវៈទេសចរណ៍ដំណាក់កាលទី២ សម្រាប់ខេត្តគោលដៅដូចជា៖ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និងព្រះវិហារ។
ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍ថា «កម្មវិធីអភិវឌ្ឍន៍ជំនាញជំហានទី២នេះ នឹងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងទេសចរណ៍ ក្នុងការជំរុញការបណ្តុះបណ្តាល និងអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យទេសចរណ៍ ជាពិសេសបណ្តុះបណ្តាលដល់យុវជន សិស្ស និស្សិត និងអ្នកបម្រើការងារក្នុងវិស័យទេសចរណ៍ បដិសណ្ឋារកិច្ច និងការធ្វើដំណើរ ក្នុងខេត្តគោលដៅខាងលើ ដើម្បីទទួលបានជំនាញមួយច្បាស់លាស់ក្នុងជីវិត ក៏ដូចជាទទួលបានការងារមួយសមរម្យ ជាមួយនឹងការបង្កើនប្រាក់ចំណូលរបស់ខ្លួនកាន់តែល្អប្រសើរ»។
បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ទីភ្នាក់ងារ នៃប្រទេសស្វីសខាងលើ បានឱ្យដឹងថា គម្រោងនេះ នឹងចូលរួមពង្រឹងសមត្ថភាពមន្ត្រីជំនាញរបស់ក្រសួងទេសចរណ៍ទាំងថ្នាក់ជាតិ និងក្រោមជាតិ ដើម្បីបានមូលធនមនុស្សសម្រាប់វិស័យទេសចរណ៍លើការអប់រំបណ្តុះបណ្តាល វិជ្ជាជីវៈទេសចរណ៍ក្នុងបរិបទខេត្តគោលដៅទេសចរណ៍ នឹងចូលរួមបង្កើតធនធានគ្រូបង្គោល និងអ្នកវាយតម្លៃបង្គោលផងដែរ។
សូមបញ្ជាក់ថា កាលពីជំហានទី១ កម្មវិធីបណ្តុះបណ្តាលជំនាញទេសចរណ៍នេះ បានផ្តោតលើការបណ្តុះបណ្តាលយុវជន យុវជនារី លើជំនាញទេសចរណ៍ និងបដិសណ្ឋារកិច្ច ក្នុងខេត្តគោលចំនួន៣ គឺខេត្តក្រចេះ ស្ទឹងត្រែង និងព្រះវិហារ៕