អគ្គស្នងការនគរបាលជាតិបញ្ជាឲ្យមន្រ្តីចរាចរណ៍គ្រប់ខណ្ឌបង្កើនការរឹតបន្ដឹងច្បាប់នៅពេលយប់

វិទ្យុជាតិអត្ថបទ៖លោក ស៊ុន សំនៀង
ភ្នំពេញ៖ មន្រ្ដីជាន់ខ្ពស់អគ្គស្នងការនគរបាលជាតិ បានបញ្ជាឲ្យមន្រ្តីចរាចរណ៍គ្រប់ខណ្ឌក្នុងរាជធានីភ្នំពេញ​បង្កើន​ការរឹតបន្ដឹង​ច្បាប់​នៅពេលយប់ ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៏អោយមកនូវចំនួនតិច។

ឯកឧត្ដមនាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ បានដាក់បទបញ្ជាអោយធ្វើការពិនិត្យ​ការរឹតបន្ដឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានខ្លាំងក្លាបន្ថែមទៀត ទៅលើអ្នកធ្វើចរាចរណ៍នៅ​ពេលយប់​ដែលអ្នកបើកបរទាំងស្ថានភាពស្រវឹង ដើម្បីធ្វើយ៉ាងណាឲ្យគ្រោះថ្នាក់ចរាចរណ៍​ក្នុងរាជធានីភ្នំពេញ​កាន់តែថយចុះ។

ឯកឧត្ដមនាយឧត្តមសេនីយ៍បានបញ្ជាក់ថា ការរឹតបន្ដឹងច្បាប់ចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ ពេលយប់នេះ បន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៍នៅពេលយប់ក្នុងរាជធានីភ្នំពេញ ភាគច្រើនបង្កឡើយដោយអ្នកបើកបរមានជាតិស្រវឹង ដែលទាមទារឲ្យពង្រឹងការរឹតបន្តឹងនេះបន្ថែមទៀត ព្រោះបច្ចុប្បន្នមានអ្នកស្លាប់ចន្លោះពី២នាក់ទៅ៣នាក់ក្នុងមួយយប់។

ឯកឧត្ដម ក៏បានទទួលស្គាល់នូវការលំបាក និងភាពនឿយហត់របស់កងកម្លាំងផងដែរ ព្រោះត្រូវអនុវត្តច្បាប់​ចរាចរណ៍ផង និងត្រូវការពារសន្ដិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ព្រមទាំងដំណើររបស់ថ្នាក់​ដឹកនាំដែលត្រូវឆ្លងកាត់គោលដៅរបស់ខ្លួនផង។

ជាមួយគ្នានោះដែរឯកឧត្ដមនាយឧត្តមសេនីយ៍ អគ្គស្នងការរង ក៏បានណែនាំក្រុមការងារប្រតិកម្មរហ័សរបស់ស្នង​ការដ្ឋាន​នគរបាលរាជធានីភ្នំពេញ ត្រូវឆ្លើយតបឲ្យបានរហ័សពាក់ព័ន្ធការងារចរាចរណ៍ ដែលបានបង្ហោះ និងចែក​ចាយនៅ​លើបណ្ដាញសង្គម៕