អភិបាលរាជធានីភ្នំពេញណែនាំឲ្យម្ចាស់បុរីនិងសមត្ថកិច្ចត្រូវពង្រឹងកិច្ចសហការគ្នាឲ្យបានល្អដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ

វិទ្យុជាតិកម្ពុជា៖
ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញបានណែនាំឲ្យម្ចាស់បុរីនិងសមត្ថកិច្ចត្រូវពង្រឹងកិច្ចសហការជាមួយគ្នា ឲ្យបានល្អដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ អោយកាន់តែប្រសើរ។
នៅក្នុងកិច្ចប្រជុំពិភាក្សាស្តីពីការគ្រប់គ្រងបុរីនៅក្នុងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៥ ខែសីហា នេះ ឯកឧត្តមឃួងស្រេង អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថា ការពង្រឹងកិច្ចសហការរវាង ម្ចាស់បុរី និងសមត្ថកិច្ចនេះ គឺដើម្បីអាចរាយការណ៍អោយគ្នាទៅវិញទៅមកនៅពេលមានករណីមិន ប្រក្រតីណាមួយកើតឡើងដែលអោយសមត្ថកិច្ចអាចធ្វើអន្តរាគមន៍ជួយដោះស្រាយបានទាន់ពេលវេលា។
ឯកឧត្តមអភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថា បច្ចុប្បន្ននេះនៅរាជធានីភ្នំពេញមានសំណង់បុរី ជាច្រើនហើយមានលក្ខណៈរស់នៅដាច់ដោយឡែក ហើយកន្លែងខ្លះមានភាពស្មុគស្មាញការកើតឡើងនូវបទល្មើសនានាមួយចំនួនដែលទាមទារឲ្យភាគីទំាងពីរមានកិច្ចសហការជាមួយគ្នាទ្វេដង ដើម្បីបង្កើនភាពកក់ក្តៅជូនដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងបុរី។
តាមការវាយតម្លៃក្នុងកិច្ចកិច្ចពិភាក្សាក៏បានណែនាំដល់ម្ចាស់បុរីត្រូវពង្រឹងការគ្រប់គ្រងសន្តិសុខបន្ថែមទៀត លើបញ្ហាការត្រៀមបង្ការពន្លត់អគ្គិភ័យ ការបំពាក់កាំម៉ារ៉ាសុវត្ថិភាព ត្រូវមានប្រព័ន្ធទូរសព្ទទាន់ហេតុការណ៍ ២៤ម៉ោងលើ២៤ម៉ោង មានច្រកចេញចូលត្រឹមត្រូវ ការគ្រប់គ្រងស្ថិតិប្រជាពលរដ្ឋ ត្រូវមានសន្តិសុខយាមកាមជាដើម។
យោងតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៅរាជធានីភ្នំពេញមានបុរីទំាងអស់ ចំនួន១៥២បុរី ដែលមានខ្នងផ្ទះចំនួន៧០១៦២ខ្នងផ្ទះ៕