រដ្ឋបាលក្រុងសៀមរាបពន្លឿនការរៀបចំផ្សារទឹកនិងអំពូលភ្លើងចម្រុះពណ៌តាមដងស្ទឹងសៀមរាបដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរ

វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងាខេត្តសៀមរាប
MC. រដ្ឋបាលក្រុងសៀមរាបពន្លឿនការរៀបចំផ្សារទឹកនិងអំពូលភ្លើងចម្រុះពណ៌តាមដងស្ទឹងសៀមរាបដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរនាថ្ងៃឈប់សម្រាកអោយទៅលេងកម្សាន្តបានកាន់តែច្រើនឡើងវិញ។
រដ្ឋបាលក្រុងសៀមរាបបានឲ្យដឹងថា ក្រុមការងារជំនាញកំពុងសម្រុកការស្ថាបនាផ្សារនៅលើទឹក តាមបណ្តោយដងស្ទឹងសៀមរាប រួមទំាងការដាក់តាំងភ្លើងចម្រុះពណ៌ បំភ្លឺពេលរាត្រី ដែលអាចអោយ ភ្ញៀវទេសចរទៅលេងកម្សាន្តនាថ្ងៃឈប់សំរាកអាចជិះទូកទស្សនាស្ទឹងសៀមរាបផង និងទិញវត្ថុអនុស្សាវរីយ៍នៅលើផ្សារទឹកផង។
លោកនួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាបបានមានប្រសាសន៍ប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជា នៅថ្ងៃ ទី៥ ខែសីហា ឆ្នាំ២០២០នេះថា ការរៀបចំដំណើការកម្មវិធីសប្បាយៗរួមទំាងផ្សារលើទឹកតាមបណ្តោយស្ទឹងសៀមរាបនេះ ក្រោមកិច្ចសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ដែល រហូតមកដល់ពេលនេះសម្រេចបានជាង៥០ភាគរយហើយ ដោយរំពឹងថា ក្នុងរយៈពេលមួយសប្តាហ៍ទៀត នឹងរួចរាល់ជាស្ថាពរ។
បន្ថែមពីនេះអាជ្ញាធរខេត្តក៏បានគិតគូពីសុវត្ថិភាព អ្នកចូលរួម ដោយរៀបចំឱ្យមានការរក្សាគម្លាតសុវត្ថិភាព និងការរក្សាអនាម័យជាដើម។
សំឡេង៖«យើងមានរៀបចំពិធីតាមដងស្ទឹង ក្រុងរបស់យើងទទួលបន្ទុកផ្ទាល់ក្នុងការសំអាត ប៉ុន្តែយើងក៏មានការសហការណ៍ជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ក្នុងការរៀបចំតុបតែង ហើយមន្ត្រីយើងចូលរួមជាមួយគាត់ដែរ ការតុបតែងលម្អភ្លើង មានរៀបចំការលក់ដូចផ្សារលើទឹកចឹង តែយើងធានាបាននូវគម្លាតសុវត្ថិភាពអ្នកចូលរួម តាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល យើងរៀបចំឈើជាកន្លែងប្រជាពលរដ្ឋឈរទស្សនា ហើយសមាគមន៍ចុងភៅរបស់ខេត្តគាត់ចូលរួមដែរ គាត់មានទូករៀបចំលក់នំបញ្ចុក លក់ម្ហូបផ្សេងៗទៀត ឬការកម្សាន្តដោយអ៊ុទូកលេង។យើងរៀបចំបាន៥០ភាគរយហើយ យើងរៀបមុន១សប្តាហ៍ តែអនាម័យបរិស្ថានយើងរៀបចំមុន នៅប្រហែល១សប្តាហ៍ទៀតនឹងរួចរាល់ត្រៀមទទួលភ្ញៀវនៅថ្ងៃឈប់សម្រាប់ ហើយតុបតែងភ្លើងអីនឹងរួចរាល់មុនថ្ងៃចាប់ផ្តើមពិធី»។
សូមជម្រាបផងដែរថា កម្មវិធីកម្សាន្តដែលរដ្ឋបាលខេត្តបានបានគ្រោងរៀបចំរៀបចំរយៈពេល៥ថ្ងៃនាថ្ងៃឈប់សម្រាកខាងមុខរួមមាន៖.កម្មវិធីសាសនា បួងសួងសុំសេចក្តីសុខ .កម្មវិធីពិព័រណ៍ បន្លែផ្លែឈើ កសិផល ផលិតផល ក្រុង-ស្រុកទាំង១២ .កម្មវិធីប្រកួតម្ហូបអាហារ ពានរង្វាន់មាន់អាំង ឆ្ងាញ់ជាងគេនៅខេត្តសៀមរាប .ផ្សារទឹក .ផាប់ស្ទ្រីត .កម្មវិធីជិះកង់ .កម្មវិធីកីឡាវាយកូនហ្គោល .កម្មវិធីដើរព្រៃ ចង្ក្រានរយ ភ្នំគូលែន .និងផ្ទាំងទស្សនីយភាពសិល្បៈជាដើម៕