សម្តចតេជោហ៊ុនសែនថ្លែងអំណគុណដល់ជនរួមជាតិដែលជូនពរសម្តេចក្នុងថ្ងៃខួបកំណើតគម្រប់៦៨ឈានចូល៦៩ឆ្នាំ

វិទ្យុជាតិកម្ពុជា៖ លោកស្រី ផន វាសនា
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ នេះ ជាខួបកំណើតគម្រប់៦៨ឈានចូល៦៩ឆ្នាំរបស់សម្តេច(៥សីហា១៩៥២-៥សីហា២០២០)។សម្តេចតេជោ បានសរសេរក្នុងហ្វេសប៊ុកផ្លូវការរបស់សម្តេច ដោយសូមអរគុណបងប្អូនដែលបានជូនពរសម្តេច ទោះបីខុសឆ្នាំក៏ដោយព្រោះសម្តេចមានថ្ងៃកំណើតដល់ទៅពីរ គឺ១.ថ្ងៃទី៤ ខែមេសា ឆ្នាំ១៩៥១ដែលសម្តេចបានបកស្រាយម្តងរួចហើយគឺថ្ងៃ៤មេសាយកថ្ងៃចូលបម្រើកងទ័ពតាមការអំពាវនាវរបស់សម្តេចឪសម្តេចព្រះនរោត្តមសីហនុឆ្នាំ១៩៧០។

សម្តេចតេជោបញ្ជាក់ថា ឆ្នាំ១៩៥១ដោយអ្នកវាយអង្គលីលេខវាយច្រឡំនិងយកទៅផ្សាយល្ងាចថ្ងៃ៨មករា១៩៧៩ក្រោយពេលសម្តេចត្រូវបានជ្រើសតាំងជារដ្ឋមន្ត្រីការបរទេស។

ពេលនោះសម្តេចមិនបានកែតម្រូវទេព្រោះចង់ឱ្យខ្លួនមានអាយុច្រើនបន្តិចដោយសារកាន់តំណែងជារដ្ឋមន្ត្រីការបរទេសអាយុមិនទាន់គ្រប់២៧ឆ្នាំផង។២.ថ្ងៃកំណើតពិតប្រាកដរបស់សម្តេចគឺថ្ងៃ៥សីហា១៩៥២ត្រូវនឹងថ្ងៃអង្គារ១៥កើតខែស្រាពណ៏ឆ្នាំរោង ចត្វាស័ក ព.ស២៤៩៦។

សម្តេចតេជោ បញ្ជាក់ថាទោះជូនពរ៦៩ឆ្នាំឬ៧០ឆ្នាំគឺសម្តេចទទួលបានទាំងអស់និងសូមអរគុណសម្រាប់ការស្រឡាញ់រាប់អាន ហើយការបញ្ជាក់របស់សម្តេចនេះសំដៅបញ្ជាក់តើថ្ងៃកំណើតពិតប្រាកដមួយណា៕