អាជ្ញាធរខេត្តកណ្តាលពង្រឹងវិធានការទប់ស្កាត់ជំងឺគ្រុនឈីកនៅតាមមូលដ្ឋាន

វិទ្យុជាតិកម្ពុជា: ដោយលោកស្រី ទុយ សូលីដា
ភ្នំពេញ៖ អាជ្ញាធរខេត្តកណ្តាលពង្រឹងវិធានការទប់ស្កាត់ជំងឺគ្រុនឈីកនៅតាមមូលដ្ឋាន ខណៈមានប្រជាពលរដ្ឋប្រមាណ ១៨៥នាក់ បានសង្ស័យឆ្លងជំងឺគ្រុនឈិកនៅស្រុកពញាឮខេត្តកណ្តាល។

លោកវេជ្ជបណ្ឌិត គួយ ប៊ុនធឿន ប្រធានមន្ទីរសុខាភិបាលខេត្តកណ្ដាល បានប្រាប់វិទ្យុជាតិកម្ពុជាថា ក្រោយពីមានប្រជាពលរដ្ឋ សង្ស័យថា បានឆ្លងជំងឺគ្រុនឈិក ប្រមាណ១៨៥នាក់ នៅភូមិខ្លាក្រៅ ឃុំកំពង់ហ្លួង ស្រុកពញាឮ រួចមក ក្រុមការងារមន្ទីរសុខាភិបាលខេត្តបានចុះធ្វើការសាកសួរ នឹងពិនិត្យពីស្ថានភាពជំងឺដល់អ្នកភូមិ ដើម្បីគ្រប់គ្រងស្ថានការជំងឺអោយបានទាន់ពេលវេលា ។
លោកវេជ្ជបណ្ឌិតបន្តថា មកទល់ ពេលនេះ អ្នកភូមិមួយចំនួនដែលមានការសង្ស័យថាមានជំងឺឈិក គឺបានធូស្រាល និងបានព្យាបាលជាសះស្បើយអស់ហើយ នៅសល់តែ ប្រជាពលរដ្ឋចំនួន ២២នាក់ ប៉ុណ្ណោះដែលកំពុងស្ថិតក្នុងការតាមដានបន្ត ។
សំឡេង៖ ចំនួនដែលសង្ស័យថាកើតជំងឺគ្រុនឈិកហ្នឹង មាន១៨៥ នាក់ ប៉ុន្តែរោគសញ្ញាដែលគាត់លើកឡើងហ្នឹង ក្នុងករណីសង្ស័យថាកើតជំងឺឈីក ហើយក្នុង ១៨៥នាក់ហ្នឹង បានជាសះស្បើយនៅសល់តែ ២២ នាក់ទេ ដែលនៅមានរោគសញ្ញា ហើយនៅធ្វើទុក អញ្ចឹងយើងឱ្យគាត់ទៅសម្រាប់ព្យាបាលនៅមន្ទីរពេទ្យ ដើម្បីធ្វើការតាមដានអោយប្រាកដថា មានឆ្លងជំងឺគ្រុនឈិកនឹងឬអត់ ហើយយើងតាមដាន និងកំពុងរង់ចាំលទ្ធផលពីមន្ទីរពិសោធន៍ ។
លោកវេជ្ជបណ្ឌិតបន្ថែមថា ដើម្បីបង្ការនិងទប់ស្កាត់ កុំអោយមានជំងឺគ្រុនឈីក និងជំងឺគ្រុនឈាម ក្រុមការងារបានចាប់ផ្តើមធ្វើយុទ្ធនាការបាញ់ថ្នាំសម្លាប់មូសខ្លា និងដាក់ថ្នាំអាលប៉ែតនៅតាមខ្នងផ្ទះប្រជាពលរដ្ឋ នៅគ្រប់ភូមិ ឃុំទូទាំងខេត្ត គឺបាន ចាប់ផ្តើមតាំងពីរដូវភ្លៀងទើបបង្អុរមកម្ល៉េះ ។
សូមបញ្ជាក់ថា ជំងឺគ្រុនឈីក ជាប្រភេទជំងឺថ្មីមួយប្រភេទទៀត ដែលមូសខ្លាញីជាភ្នាក់ងារចម្លងជំងឺនេះ ធ្វើអោយអ្នកជំងឺមានអាការៈក្តៅខ្លួនខ្លាំង មុខឡើងក្រហម ហើយនៅលើខ្លួនមាន ឡើងកន្ទូលក្រហមតូចៗ ហើយអ្វីដែលពិសេសជាងនេះទៅទៀតនោះ គឺអ្នកជំងឺអាចមានសភាពឈឺចាប់នៅតាមសន្លាក់ដៃជើង។ ប្រសិនបើប្រជាពលរដ្ឋមានការសង្ស័យពីជំងឺនេះ ត្រូវរួសរាន់ទៅកាន់មន្ទីរ ពេទ្យឬមណ្ឌលសុខភាពដែលនៅជិតបំផុតដើម្បីព្យាបាលជម្ងឺនេះឲ្យបានទាន់ពេលវេលា៕