វត្តប្រាសាទប្រគល់ទេយ្យទាននិងបច្ច័យជូនសាខាកាកបាទក្រហមរាជធានីភ្នំពេញដើម្បីបន្តជួយប្រជាពលរដ្ឋរងគ្រោះ

វិទ្យុជាតិកម្ពុជា៖
ភ្នំពេញ៖ វត្តប្រាសាទបានប្រគល់ទេយ្យទានគ្រឿងឧបភោគបរិភោគ សម្ភារផ្ទះបាយនិងបច្ច័យជូនដល់​សាខាកាក​បាទក្រហមរាជធានីភ្នំពេញដើម្បីបន្តយកទៅចែកជូនប្រជាពលរដ្ឋរងគ្រោះនិងងាយរងគ្រោះ។

ពិធីប្រគល់និងទទួលបានធ្វើឡើងនៅព្រឹកថ្ងៃទី០៥ខែសីហាឆ្នាំ២០២០ នៅក្នុងបរិវេណ វត្តប្រាសាទស្ថិតនៅ ក្នុងសង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ ក្រោមវត្តមាន ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ។
ឯកឧត្តម ឃួង ស្រេងបានលើកឡើងថា ការប្រគល់នូវទេយ្យទាននិងថវិការបស់ព្រះធម្មធម៌សោម ស៊ីម ព្រះចៅអធិការវត្តប្រាសាទនិងជាព្រះអនុគុណខណ្ឌព្រែកព្នៅមកសាខាកាកបាទក្រហមរាជធានីភ្នំពេញនេះ គឺពិតជាបានបង្ហាញឲ្យឃើញពីភាពសិ្នទ្ធស្នាល រវាងពុទ្ធចក្រនិងអាណាចក្រ ។ ឯកឧត្តម បានសន្យាថា នឹងបន្តចែកជូនទេយ្យទានគ្រឿងឧបភោគបរិភោគនិងបច្ច័យទំាងនេះអោយទៅដល់ដៃ ប្រជាពលរដ្ឋក្រីក្រនិងរងគ្រោះឲ្យចំគោលដៅ ដើម្បីរួមចំណែកដោះស្រាយជីវភាពរបស់ពួកគាត់ដែល កំពុងជួបការលំបាក។
ព្រះធម្មធម៌សោម ស៊ីម ព្រះចៅអធិការវត្តប្រាសាទនិងជាព្រះអនុគុណខណ្ឌព្រែកព្នៅ បានមានសង្ឃដីកាថា ការផ្ដល់នូវទ័យទាននិងថវិកានេះគឺដើម្បីឲ្យសាខាកាកបាទក្រហមរាជធានីភ្នំពេញបន្តយកទៅចែកជូនប្រជាពលរដ្ឋដែលរងគ្រោះនិងប្រជាពលរដ្ឋដែលងាយរងគ្រោះដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ។ ព្រះអង្គ មានសង្ឃដីកាបន្តទៀតថា ក្រោមការដឹកនាំរបស់សម្ដេចតេជោហ៊ុនសែនគឺបានធ្វើអោយប្រទេសកម្ពុជាមានសុខសន្តិភាព មានហេដ្ឋារចនាសម្ព័ន្ធ មានការអភិវឌ្ឍគ្រប់ទីកន្លែង ប្រជាពលរដ្ឋអាចធ្វើដំណើរបានទាំងយប់ទាំងថ្ងៃ ទៅតាមបណ្ដាខេត្តនានា ដោយមិនមានការព្រួយបារម្ភ ពីបញ្ហាសន្តិសុខឡើយ។
សូមបញ្ជាក់ថា ទេយ្យទានដែលព្រះចៅអធិការវត្តប្រាសាទ ប្រគល់ជូនសាខាកាកបាទក្រហមរាជធានីភ្នំពេញខាងលើនេះ រួមមានអង្គ ៥តោន ទឹកបរិសុទ្ធ ទឹកក្រូច ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកដោះគោ ត្រីខ មីប្រេងឆា ស្ករស អំបិល សម្ភារប្រើប្រាស់ផ្ទះបាយ និងបច្ច័យចំនួន៣០០០ដុល្លារអាមេរិកផងដែរ ៕