ប្រជាពលរដ្ឋកាន់តែច្រើនបានចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក

វិទ្យុជាតិកម្ពុជា៖ ដោយ អ៊ី កនិកា
ភ្នំពេញ៖ មន្ត្រីជំនាញនគរបាលជាតិ បានបញ្ជាក់ថា ប្រជាពលរដ្ឋកាន់តែច្រើនបាន ចូលរួម គោរពច្បាប់ចរាចរណ៍ផ្លូវគោកដែលបានធ្វើវិសោធនកម្មកាលពីពេលថ្មីនេះ ដើម្បីបញ្ជៀសពីគ្រោះថ្នាក់ចរាចរណ៍ និងជៀសផុតពីការផាកពិន័យតាមផ្លូវច្បាប់ជាធរមាន។

ក្នុងកម្មវិធីជីវិតយើងសង្គមយើងរបស់វិទ្យុជាតិកម្ពុជា លោកឧត្តមសេនីយ៍ត្រី ថី វិសាល អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ផ្លូវគោគនិងសណ្តាប់ធ្នាប់សារធារណៈនៃក្រសួងមហាផ្ទៃ មានប្រសាសន៍ថា បច្ចុប្បន្នក្រសួងបានសង្កេតឃើញថា ប្រជាពលរដ្ឋកាន់តែច្រើន បានចូលរួម គោរពច្បាប់ចរាចរណ៍ និងគាំទ្រនូវចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជាសំដៅកាត់បន្ថយការ ស្លាប់និង របួសដោយសារគ្រោះថ្នាក់ចរាចរណ៍។

លោកបន្តថា អ្នកបើកបរភាគច្រើនបានពាក់មួកសុវត្ថិភាព ពាក់ខ្សែក្រវ៉ាត់ គោរពភ្លើងសញ្ញាចរាចរណ៍ និងស្លាកសញ្ញាចរាចរណ៍ បានយ៉ាងខ្ជាប់ខ្ជួន ។
សំឡេង៖«ជារួមទូទៅសង្កេតឃើញថាប្រជាពលរដ្ឋចូលរួមច្រើនជាមួយនឹងការគោរពច្បាប់ចរាចរណ៍ផ្លូវគោកនេះ ទី១ឆ្លុះបញ្ចាំងតាមរយៈ ការទៅធ្វើប័ណ្ណបើកបរ ការធ្វើឆៀក ឬក៏ស្នើសុំ សេវាឬឯកសារផ្សេងៗទៀត ដែលផ្តល់ពីក្រសួងសាធារណការ ទី២ តាមរយៈខ្សែទូរស័ព្ទ១១៧ របស់អគ្គស្នងការនគរបាលជាតិ ប្រចាំធ្វើការឆ្លើយតប ជាមួយបងប្អូននេះ សង្កេតឃើញថាពួកគាត់ខលមកច្រើន ដើម្បីស្វែងយល់អំពីច្បាប់ចរាចរណ៍។មួយវិញទៀតបច្ចុប្បន្ន ឥរិយាបថបើកបរនៅលើដងផ្លូវ ឃើញភាគច្រើនគោរពច្បាប់មិនសូវឲ្យកកស្ទះចរាចរណ៍ ដូចមុន។ ការយោគយល់អធ្យាស្រ័យគ្នាច្រើនដែរនៅលើទ្រូងផ្លូវនេះ គឺមានការប្រសើរឡើងដែរ។ការប្រើប្រាស់ទៅលើគន្លងផ្លូវ ភាគច្រើនប្រជាពលរដ្ឋបានដឹង មួយណាសម្រាប់ឡាន មួយណាសម្រាប់ម៉ូតូ »។
សូមបញ្ជាក់ថា កាលពីកន្លងទៅថ្មីៗនេះអគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានបើកកិច្ចប្រជុំស្តីពីការបង្កើតក្រុមការងារប្រព័ន្ធHotline ដើម្បីឆ្លើយតបព័ត៌មានពីប្រជាពលរដ្ឋ ទៅកាន់មន្ត្រីជំនាញចរាចរណ៍តាមរយៈប្រព័ន្ធព័ត៌មានទាន់ហេតុការណ៍ពាក់ព័ន្ធ នឹងការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ប្រជាពលរដ្ឋអាច ហៅមកទូរស័ព្ទលេខ ១១៧ បើមានចម្ងល់ពាក់ព័ន្ធ និងការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក៕