ខេត្តសៀមរាបមានកម្មវិធីកម្សាន្តជាច្រើនជាពិសេសការជិះទូកកម្សាន្តតាមដងស្ទឹងសៀមរាប នាថ្ងៃឈប់សម្រាកខាងមុខ

វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងាខេត្តសៀមរាប

MC. អាជ្ញាធរខេត្តសៀមរាប គ្រោងនឹងរៀបចំព្រឹត្តិការណ៍កម្សាន្តជាច្រើនក្នុងថ្ងៃឈប់សម្រាកនាខែសីហានេះ ដើម្បីបង្ហាញពី​​សក្តានុពលទេសចរណ៍​ក្នុងខេត្ត ជាពិសេសដើម្បីរួមចំណែកលើកស្ទួយជីវភាពរស់នៅប្រចាំថ្ងៃរបស់​ប្រជាពលរដ្ឋឲ្យទទួលបានចំណូលបន្ថែមពីវិស័យទេសចរណ៍ ក្នុងរយៈពេលវិបត្តិនៃជំងឺកូវីដ-១៩។

លោកសុខ ថុល នាយករដ្ឋបាលសាលាខេត្តសៀមរាបបាន ថ្លែងប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជាអោយដឹងថា អាជ្ញាធរខេត្តគ្រោងរៀបចំកម្មវិធីកម្សាន្តជាច្រើន ដើម្បីឲ្យភ្ញៀវទេសចរមកទស្សនាខេត្តសៀមរាប ជាពិសេសកម្ម​វិធីជិះទូក​មើលទេសភាពនៅបរិវេណដងស្ទឹងសៀមរាប ដោយមានប្រភេទទូកកៃយាកប្រមាណ៣០ទូក មកពីតំបន់ទេសចរកំពង់ភ្លុក និងកំពង់ឃ្លាំងឲ្យភ្ញៀវជិះលេងកម្សាន្ត។

លោកបន្តថា កម្មវិធីនេះគ្រោងរៀបចំរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី១៧-១៨ខែសីហាឆ្នាំ២០២០៖។
សំឡេង៖នៅស្ទឹងសៀមរាបយើងមានអុំទូក ហើយអុំទូកប្រជាជននៅជនបទ ចុងឃ្នៀស និងកំពង់ភ្លុក ភ្ញៀវទេសចរគាត់ចង់អុំដោយខ្លួនគាត់ យើងមានពោងជូនគាត់ ឬឲ្យអ្នកជំនាញគេអុំ ហើយទូកនេះមិន​អាចជិះបានគ្នាច្រើនទេ ព្រោះទូកធម្មតា ហើយអុំនេះជាលក្ខណៈភ្ញៀវទេសចរ ទូកជារបៀបទូកកៃយាក ហើយយើងដាក់សាកល្បងសិនថាអុំយ៉ាងម៉េចបាន ហើយទូកយើងយកមកដាក់អស់ហើយ។

លោកបន្តថា នៅពេលរៀបចំដំណើរការឲ្យមានកម្មវិធីកម្សាន្តបែបនេះឡើង អាជ្ញាធរខេត្តបាន អនុវត្តតាមគោលការណ៍​ណែនាំរបស់ក្រសួងសុខាភិបាល ដូចជា ការធ្វើអនាម័យ និងរក្សាគម្លាត ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩។

សូមជម្រាបផងដែរថា អាជ្ញាធរខេត្តសៀមរាប បានកំណត់គោលដៅសំខាន់ៗ ដើម្បីគ្រោងរៀបចំព្រឹត្តិការណ៍ និងសកម្មភាពកម្សាន្តជាច្រើនដូចជា កម្មវិធីតាមបែបសាសនា ការជិះទូកកម្សាន្តនៅដងស្ទឹងសៀមរាប ការជិះកង់ទស្សនាតំបន់គោលដៅទេសចរណ៍ តំបន់ប្រាសាទ និងតំបន់ភ្នំ ការសម្តែងសិល្បៈបុរាណ ការកម្សាន្តក្នុងបរិវេណតំបន់ផាប់ស្ទ្រីត និងការតាំងពិព័ណ៍បង្ហាញផលិតផលក្នុងស្រុកជាដើម៕