រយៈពេល៣ខែរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញរកចំណូលបានជិត២០លានដុល្លារ

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី
ភ្នំពេញ៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅក្នុងត្រីមាសទី១កន្លងទៅនេះ រកចំណូលបានសរុបជាង៧៥ប៊ីលានរៀល ឬត្រូវជាប្រមាណជិត២០លានដុល្លារអាមេរិក ពីប្រតិបត្តិការអាជីវកម្មផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាត។

នេះបើយោងតាមរបាយការណ៍ ដែលត្រូវបានផ្សព្វផ្សាយនៅលើគេហទំព័រផ្លូវការរបស់ ផ្សារមូលបត្រកម្ពុជា នៅថ្ងៃទី៥ ខែសីហានេះ។ ចំណូលសរុបនេះ មានការកើនឡើង ចំនួន៣៧,២០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩។

របាយការណ៍ដដែលនេះ បានឱ្យដឹងដែរថា ប្រាក់ចំណេញសុទ្ធមុនការបង់ពន្ធមានចំនួនជាង២៦ប៊ីលានរៀល ស្មើប្រហាក់ប្រហែល៦,៦លានដុល្លារ ដោយកើនឡើងរហូតដល់ជាង២០០ភាគរយ ខណៈរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩ មានត្រឹមតែជាង១៨ប៊ីលានរៀល។

ឯកឧត្តម អ៊ុ សុថា ប្រធានក្រុមប្រឹក្សាភិបាលនៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានឱ្យដឹងថា ក្នុងត្រីមាសទី១កន្លងទៅនេះ ការផលិតទឹកស្អាត ដើម្បីផ្គត់ផ្គង់ដល់លំនៅឋានរបស់ប្រជាពលរដ្ឋ និងក្រុមហ៊ុន សហគ្រាស មានជាង៥៦លានម៉ែត្រគូប ព្រមទាំងបានតបណ្តាញដល់អតិថិជនថ្មី បានជាង៥.៥០០បណ្តាញ ក្នុងនោះអតិថិជនមានចំណូលទាបមានចំនួន២២៩បណ្តាញ។
ឯកឧត្តម មានប្រសាសន៍ថា ៖ «យើងកំពុងបន្តអភិវឌ្ឍន៍សេវាទឹកស្អាតជារៀងរាល់ថ្ងៃ ទាំងគុណភាព ទាំងបរិមាណ ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់របស់ប្រជាជនក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ និងចូលរួមចំណែកក្នុងដំណើរការអភិវឌ្ឍន៍ទីក្រុងទាំងពីរ»។ ឯកឧត្តម បានបន្តថា សម្រាប់ត្រីមាសទី២ ការផលិតទឹកស្អាតអាចមានបរិមាណជាង៥៥លានម៉ែត្រគូប ព្រមទាំងអាចពង្រីកបណ្តាញចែកចាយទឹកបន្ថែមជិត៦ម៉ឺនម៉ែត្រ ជាមួយការរំពឹងថា ចំណូលសរុបអាចកើនដល់៨០ប៊ីលានរៀល ខណៈគម្រោងចំណាយត្រូវបានប៉ាន់ប្រមាណជាងពាក់កណ្តាលវិញ»។
សូមបញ្ជាក់ថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ(PWSA) បានបោះផ្សាយលក់មូលបត្រនៅផ្សារមូលបត្រកម្ពុជា ក្នុងចំណោមក្រុមហ៊ុនចំនួន៥ទៀតមានដូចជា៖ ក្រុមហ៊ុន ហ្រ្គេនធ្វីន(GTI), កំពង់ផែស្វយ័តភ្នំពេញ(PPAP), កំពង់ផែស្វយ័តក្រុងព្រះសីហនុ(PAS), តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ(PPSP), និងធនាគារ អេស៊ីលីដា(ABC)។
យោងតាមរបាយការណ៍របស់ផ្សារមូលបត្រកម្ពុជា បានឱ្យដឹងថា ភាគហ៊ុនរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ(PWSA) មានការជួញដូររហូតដល់៧,៩៥ប៊ីលានរៀល ស្មើនឹងប្រមាណជិត២លានដុល្លារអាមេរិក ដែលនេះជាកំណត់ត្រាជួញដូរខ្ពស់បំផុតរបស់ភាគហ៊ុននេះ រាប់ចាប់ពីថ្ងៃជួញដូរលើកដំបូង រហូតដល់បច្ចុប្បន្ន៕