សម្តេចក្រឡាហោមស ខេងកំពុងពិនិត្យ សំណើសុំកិច្ចសហការផ្តល់ សេវាធនាគារ សម្រាប់គ្រប់ គ្រងប្រតិបត្តិការ ចំណូលរដ្ឋ

វិទ្យុជាតិកម្ពុជា៖
MC៖ សម្តេចក្រឡាហោមស ខេងឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃកំពុងពិនិត្យ សំណើសុំកិច្ចសហការ ផ្តល់សេវាធនាគារសម្រាប់គ្រប់គ្រងប្រតិបត្តិការចំណូលរដ្ឋ ដើម្បីធានាការគ្រប់គ្រង ចំណូលអោយកាន់ តែមានតម្លាភាព និងប្រសិទ្ធភាព។

សម្ដេចក្រឡាហោម ស ខេងនៅព្រឹកថ្ងៃពុធ ទី៥ ខែសីហា ឆ្នាំ២០២០នេះបាន អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំស្តីពីសំណើសុំកិច្ចសហការផ្តល់សេវាធនាគារសម្រាប់គ្រប់គ្រងប្រតិបត្តិការចំណូលរដ្ឋ ដោយមាន ការចូលរួមពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយដ្ឋានពាក់ព័ន្ធ ព្រមទាំងអង្គភាពនានាជាច្រើនផងដែរ។

សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា កន្លងមក ធនាគារឯកជនចំនួន៤ បានស្នើសហការជាមួយ ក្រសួងមហាផ្ទៃ ដើម្បីផ្ដល់សេវាធនាគារមួយចំនួន សម្រាប់ប្រតិបត្តិការគ្រប់គ្រងចំណូលរដ្ឋ ហើយសម្រាប់ សំណើសុំកិច្ចសហការនេះ សម្ដេចក៏បានចាត់ចែងឲ្យនាយកដ្ឋានពាក់ព័ន្ធធ្វើការសិក្សា និងរៀបចំក្រុមការងារ ដើម្បីពិភាក្សាជាមួយធនាគារដៃគូរទាំងនោះ។

ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ បានអោយដឹងថា អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ បានសហការជាមួយក្រុមបច្ចេកទេស និងធនាគារដែលបានស្នើនោះ ដើម្បីសិក្សាលើកិច្ចការងារនេះ និងបានបង្កើតក្រុមការងារក្នុងការអនុវត្តការងារពាក់ព័ន្ធនានា និងចូលរួមកិច្ច ប្រជុំជាមួយក្រសួងពាក់ព័ន្ធ និងតំណាងធនាគារ ដើម្បីរកវិធីសាស្ត្រអនុវត្តឲ្យបានសមស្រប។

ក្នុងកិច្ចប្រជុំនោះផងដែរ សម្ដេចក្រឡាហោម ក៏បានណែនាំឲ្យនាយកដ្ឋាន និងស្ថាប័នពាក់ព័ន្ធឲ្យ សិក្សាបន្ថែម ពីប្រព័ន្ធប្រតិបត្តិការរបស់ធនាគារនីមួយៗឲ្យកាន់តែច្បាស់លាស់ ហើយបន្តស្វែងយល់ជាមួយនឹង ក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុនូវបញ្ហាប្រឈមផ្សេងៗ ដើម្បីមានមូលដ្ឋានគ្រប់គ្រាន់ក្នុង ការដោះស្រាយ បញ្ហាទាំងនោះ៕