កម្ពុជា-អូស្រ្តាលី ពង្រឹងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆំាងបទល្មើសគ្រឿងញៀនឆ្លងដែន

វិទ្យុជាតិកម្ពុជា

Mc៖ កម្ពុជា និងអូស្រ្តាលីបន្តពង្រឹងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆំាងបទល្មើសគ្រឿងញៀនឆ្លងកាត់ព្រំដែន ដើម្បីសុវត្ថិភាពនិងសន្តិសុខក្នុងសង្គមកុំអោយរងផលប៉ះពាល់ដោយសារ​​សារឥទ្ធិពលនៃ គ្រឿងញៀន។

ការប្រកាសពង្រឹងកិច្ចសហប្រតិបត្តិការរវាងភាគីទំាង២នេះបានធ្វើឡើងក្នុងឱកាសឯកឧត្តម  នាយឧត្តមសេនីយ៍  មាស  វិរិទ្ធ អគ្គលេខាធិការ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានទទួលជួបពិភាក្សាការងារជាមួយ  លោក អាន់តូនី  ម៉ាខ្វៃ  (Anthny Maguire) តំណាងនគរបាលសហព័ន្ធអូស្រ្តាលី AFP  អមស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជាកាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ ២០២០ ។

ឯកឧត្តម នាយឧត្តមសេនីយ៍ មាស  វិរិទ្ធ បានថ្លែងថា កម្ពុជាមានភាពជោគជ័យជាបន្តបន្ទាប់ នៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ប៉ុន្តែមិនមែនជាសង្រ្គាមប្រឆាំងគ្រឿងញៀនទេ តែជាការប្រមូលផ្តុំកំលាំងសរុបដោះស្រាយបញ្ហាគ្រឿងញៀនដែលរាល់ ការបង្រ្កាបបទល្មើសគ្រឿងញៀនបានអនុវត្តស្របតាមច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។

ឯកឧត្តមបញ្ជាក់ថាជនប្រើប្រាស់គ្រឿងញៀនគឺជាជនរងគ្រោះត្រូវបានលើកទឹកចិត្តឱ្យទៅទទួលយកសេវាព្យាបាលអ្នកញៀនគ្រឿងញៀនដោយផ្អែកលើសហគមន៍នៅតាមមន្ទីរពេទ្យជាតិ  មន្ទីរពេទ្យ បង្អែក  និងមណ្ឌលសុខភាព ដែលក្រសួងសុខាភិបាលបានបំពាក់សេវាព្យាបាលដោយឥតគិតថ្លៃចំនួន៤៥០កន្លែង និងបានស្នើសុំឱ្យភាគីអូស្រ្តាលីបន្តជួយដល់កម្ពុជាលើការងារកិច្ចសហប្រតិការនាពេលកន្លងមក។

ឯកឧត្តម  នាយឧត្តមសេនីយ៍  ថ្លែងអំណរគុណដល់រដ្ឋាភិបាល  និងប្រជាជនអូស្រ្តាលី  ដែលបានចូលរួម សហប្រតិបត្តិលើការងារបង្រ្កាបឧក្រិដ្ឋកម្មឆ្លងដែនពិសេសបទល្មើសគ្រឿងញៀនឆ្លងកាត់ព្រំដែន  ។

លោក  អាន់តូនី  ម៉ាខ្វៃ  (Anthny Maguire) តំណាងនគបាលសហព័ន្ធអូស្រ្តាលីAFP  បានថ្លែងសាទរចំពោះលទ្ធផលការងារដែលកម្ពុជាខិតខំសម្រេចបានហើយនឹងបន្តជួយដល់កម្ពុជាលើការងារបណ្តុះបណ្តាលធនធានមនុស្ស ជំនាញស៊ើបអង្កេតចារកម្មការវិភាគព័ត៌មាន និងបន្ត​ការគាំទ្រសកម្មភាពការិយាល័យទំនាក់ទំនងព្រំដែន  BLO និងពិសោធន៍ នៃការបង្រ្កាបគ្រឿងញៀន៕