លោក ត្រាំ រំពឹងថា នឹងមានកងទ័ពអាម៉េរិកតែ ៤.០០០នាក់ប៉ុណ្ណោះ ដែលនឹងបន្តស្នាក់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាននៅក្នុងខែវិច្ឆិកា

AKP ភ្នំពេញ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០​ — ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា សហរដ្ឋអាមេរិកនឹងកាត់បន្ថយវត្តមានយោធារបស់ខ្លួននៅក្នុងប្រទេសអាហ្វហ្គានីស្ថានមកនៅត្រឹមប្រហែល ៤.០០០នាក់ប៉ុណ្ណោះក្នុងពេលឆាប់ៗនេះ។

លោក ត្រាំ បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយគេហទំព័រសារព័ត៌មានអាម៉េរិក Axios ថា«កងទ័ពរបស់យើងមួយភាគធំនឹងចាកចេញពីអាហ្គានីស្ថាន»។

ប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះបានពន្យល់ដោយមិនបញ្ជាក់ពីពេលវេលាជាក់លាក់ទេ ប៉ុន្តែលោកបាននិយាយថា វានឹងកើតឡើងក្នុងពេលឆាប់ៗនេះ ដោយ «យើងនឹងកាត់បន្ថយក្នុងពេលដ៏ខ្លីខាងមុខនេះមកនៅត្រឹម ៨.០០០នាក់ និងបន្ទាប់មកយើងនឹងកាត់បន្ថយមកនៅត្រឹម ៤.០០០នាក់ ដោយនៅពេលឥឡូវនេះយើងកំពុងធ្វើការចរចា»។

នៅពេលសួរថា តើកងទ័ពអាម៉េរិកប៉ុន្មាននាក់នឹងនៅតែស្ថិតនៅក្នុងប្រទេសអាហ្វហ្គានីស្ថាននៅថ្ងៃបោះឆ្នោតក្នុងខែវិច្ឆិកានោះ លោក ត្រាំ បាននិយាយថា «វានឹងមានប្រមាណពី ៤.០០០នាក់ ទៅ ៥.០០០នាក់»។

សេចក្តីថ្លែងការណ៍នេះរបស់ប្រធានាធិបតីធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក Mike Pompeo បាននិយាយកាលពីសប្តាហ៍មុនថា ការរំពឹងទុករបស់លោក ត្រាំ គឺនឹងធ្វើឱ្យកងទ័ពអាម៉េរិកដែលនៅសេសសល់ទាំងអស់ចាកចេញពីប្រទេសអាហ្វហ្គានីស្ថានត្រឹមខែឧសភា ឆ្នាំ ២០២១ ។

សហរដ្ឋអាមេរិក និងចលនាតាលីបង់ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពមួយនៅទីក្រុង ដូហា ប្រទេសកាតា កាលពីថ្ងៃទី ២៩ ខែកុម្ភៈ ដោយចែងអំពីការដកទ័ពអាម៉េរិកចេញជាបណ្តើរៗ ក៏ដូចជាការចាប់ផ្តើមនៃកិច្ចចរចាផ្ទៃក្នុងរបស់អាហ្វហ្គានីស្ថាន និងការផ្លាស់ប្តូរទណ្ឌិត។ ជាការឆ្លើយតប ក្រុមតាលីបង់ត្រូវបានគេរំពឹងថា នឹងរារាំងអាហ្វហ្គានីស្ថានពីការក្លាយជាជម្រកសុវត្ថិភាពសម្រាប់ភេរវករនៅក្នុងតំបន់៕

(ប្រភព Sputnik បកប្រែដោយលោក យា ចិន្តាខន្តី)