ប្រទេសអាល្លឺម៉ង់ត្រូវបានព្រមានពីការចាប់ផ្តើមរលកទីពីរនៃការឆ្លងជំងឺកូវីដ-១៩

AKP ភ្នំពេញ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០​ — កាលពីថ្ងៃអង្គារ សាស្តាចារ្យ Frank T. Hufert ប្រធានវិទ្យាស្ថានអតិសុខុមជីវសាស្រ្ត និងវីរុសវិទ្យានៅសាលាវេជ្ជសាស្ត្រ Brandenburg បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Sputnik ថា ប្រទេសអាល្លឺម៉ង់ហាក់ដូចជាចាប់ផ្តើមនូវរលកទី ២ នៃការឆ្លងជំងឺកូវីដ-១៩ ។

លោក Hufert បាននិយាយថា «យើងកំពុងចាប់ផ្តើមរលកទីពីរហើយ។ ខ្ញុំគិតថា ក្នុងរយៈពេលពីរ ឬបីសប្តាហ៍ទៀត យើងនឹងដឹងច្បាស់ពីអ្វីដែលកំពុងកើតឡើងនៅពេលនេះ»។

បើទោះបីជាការរីករាលដាលនៃជំងឺបានថយចុះយ៉ាងខ្លាំងពីកម្រិតដំបូងរបស់វាកាលពីដើមខែមេសាក៏ដោយ ក៏ករណីឆ្លងថ្មីៗនៃជំងឺកូវីដ-១៩ ប្រចាំថ្ងៃបានបំបែកការកត់សម្គាល់នូវចំនួន ១.០០០ករណីកាលពីថ្ងៃសុក្រ។

លោក Hufert បាននិយាយថា ការប៉ាន់ស្មានរបស់លោក គឺផ្អែកទៅលើប្រូបាប៊ីលីតេដែលបានមកពីចំនួននៃការធ្វើដំណើរអន្តរជាតិ ដែលប្រទេសនេះត្រូវបានមើលឃើញចាប់តាំងពីវាបានចាប់ផ្តើមដកការរឹតត្បិត។

លោកបាននិយាយបន្ថែមថា បើទោះបីជាមនុស្សទាំងអស់ដែលមកដល់ប្រទេសអាល្លឺម៉ង់បច្ចុប្បន្នត្រូវឆ្លងកាត់ការធ្វើតេស្តរកមើលមេរោគនៅឯព្រលានយន្តហោះក៏ដោយ ក៏ការសិក្សានេះ «មិនអាចជឿទុកចិត្តបានដែរ ព្រោះលទ្ធផលអវិជ្ជមានបង្ហាញថា គ្មានវីរុសនេះក្នុងរយៈពេល ៧២ម៉ោងប៉ុណ្ណោះ»។

អ្នកឯកទេសខាងរោគសាស្ត្របាននិយាយថា «វាមិនមែនជាការពិតទេដែលថា ស្លាកស្នាមទាំងនេះនឹងមិនលេចឡើងក្នុងរយៈពេលពីរបីថ្ងៃនោះ ប្រសិនបើការឆ្លងបានកើតឡើងនៅថ្ងៃចេញដំណើរ»។

រហូតមកដល់ពេលនេះ ប្រទេសអាល្លឺម៉ង់បានរួចផុតពីការកើតឡើងថ្មីៗ នៃការឆ្លងថ្មី ដោយបន្ធូរ បន្ថយការរឹតបន្តឹង ដែលជានិន្នាការដែលបានក្លាយជារឿងធម្មតានៅក្នុងប្រទេសជាច្រើននៅលើពិភពលោក។ វិទ្យាស្ថាន Robert Koch ដែលជាអ្នកចាំឃ្លាំមើលស្ថានភាពជំងឺកូវីដ-១៩ របស់ប្រទេសនេះ បានសរុបករណីឆ្លងមានចំនួន ២១២.០០០ករណី និងស្លាប់ចំនួន ៩.២៣២ករណី ដោយគិតត្រឹមថ្ងៃអង្គារសប្តាហ៍នេះ៕

(ប្រភព Sputnik បកប្រែដោយលោក យា ចិន្តាខន្តី)