កូរ៉េខាងជើងបញ្ចេញទឹកទំនប់ដោយមិនជូនដំណឹងដល់កូរ៉េខាងត្បូង

AKP ភ្នំពេញ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០​ — កាលពីថ្ងៃអង្គារ មន្រ្តីក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូងបាននិយាយថា ប្រទេសកូរ៉េខាងជើងមិនបានជូនដំណឹងដល់កូរ៉េខាងត្បូងមុនពេលបង្ហូរទឹកចេញពីទំនប់វារីអគ្គិសនីកាលពីដើមសប្តាហ៍នេះទេ ដែលវាជាការរំលោភទៅលើកិច្ចព្រមព្រៀងអន្តរកូរ៉េ។

កាលពីថ្ងៃចន្ទ កូរ៉េខាងជើងបានបើកទ្វារទឹកនៃទំនប់ Hwanggang នៅភាគខាងលិចនៃព្រំដែនអន្តរកូរ៉េ និងបង្ហូរទឹកចូលទៅក្នុងទន្លេ Imjin ដែលជាវិធានការមួយដែលធ្វើឱ្យអាជ្ញាធរនៅទីនេះមានការប្រុងប្រយ័ត្នចំពោះការកើនឡើងនៃកម្ពស់ទឹកនៅភាគខាងត្បូង។

មន្ត្រីក្រសួងនេះបាននិយាយថា «ប្រទេសកូរ៉េខាងជើងបានបើកទ្វារទំនប់នេះចំនួន ៣ដងមកហើយគិតចាប់ពីខែកក្កដា ដល់ថ្ងៃទី ៣ ខែសីហានេះ»។

លោកបាននិយាយថា «កម្ពស់ទឹកនៅ Pilseung Bridge គិតត្រឹមម៉ោង ៧:០០ព្រឹកថ្ងៃអង្គារ គឺ ២,៩៩ម៉ែត្រ ហើយវាមិនទាន់ឈានដល់កម្រិតនៃការព្រួយបារម្ភនៅឡើយទេ។ រដ្ឋាភិបាលកំពុងសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នជាច្រើនដើម្បីរក្សាការប្រាស្រ័យទាក់ទង និងអនុវត្តតាមប្រព័ន្ធឆ្លើយតបយ៉ាងតឹងរឹង»។

យោងតាមកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខារវាងកូរ៉េទាំងពីរកាលពីខែតុលា ឆ្នាំ ២០០៩ កូរ៉េខាងជើងបានយល់ព្រមជូនដំណឹងដល់កូរ៉េខាងត្បូងជាមុន អំពីផែនការរបស់ខ្លួនដើម្បីបើកទ្វារទឹកទំនប់ បន្ទាប់ពីមានឧប្បត្តិហេតុដ៏សាហាវមួយកាលពីពេលមុនដែលបានសម្លាប់ប្រជាជនកូរ៉េខាងត្បូងចំនួន ៦នាក់ បន្ទាប់ពីកូរ៉េខាងជើងបានបង្ហូរទឹកចេញពីទំនប់ Hwanggang ដោយគ្មានការជូនដំណឹងជាមុន។

លោកបាននិយាយថា «រដ្ឋាភិបាលរក្សាជំហរដែលថា (កូរ៉េទាំងពីរ) ត្រូវតែគោរពតាមកិច្ចព្រមព្រៀងអន្តរកូរ៉េ»៕

(ប្រភព Yonhab បកប្រែដោយលោក យា ចិន្តាខន្តី)